ខេត្តកំពង់ឆ្នាំង ៖ នៅសប្តាហ៍ទី៣ នៃខែធ្នូ ចុងឆ្នាំ២០១៨ នេះសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង បានបង្ក្រាបបទល្មើស ក្នុងការឈូសឆាយដីព្រៃលិចទឹក ដីព្រៃជើងភ្នំ និងដីព្រៃសហគមន៍របស់រដ្ឋ បានជាច្រើនករណី និងចាប់គ្រឿងចក្របានជាច្រើនគ្រឿង ដើម្បីកសាងសំណុំរឿងទៅតុលាការតាមផ្លូវច្បាប់ ប៉ុន្តែមេការ និងថៅកែដែលជាអ្នកបញ្ជាក្នុងបទល្មើសខាងលើ មិនត្រូវចាប់ខ្លួននោះទេ ប៉ុន្តែគេឃើញ អ្នកបើកបរគ្រឿងចក្រចំនួននាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ឋនាគារ ។
ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ឆ្នាំង លោក ងិន ហ៊ុន បានធ្វើការបដិសេធន៍ថា មកដល់ពេលនេះមិនទាន់មានការដោះលែងគ្រឿងចក្រណាមួយ ដែលបានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក និងដីព្រៃឈើ នៅឡើយនោះទេ ជាងនេះទៅទៀត មនុស្សពីរនាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ កាលពីចុងសប្តាហ៍នេះ ពាក់ពន្ឋ័ទៅនឹងឈូសឆាយដីព្រៃសហគមន៍នៅភូមិជ័រ ឃុំប្រស្នឹប ស្រុករលាប្អៀរ។
យ៉ាងណាក៏ដោយ មនុស្សពីរនាក់ដែលត្រូវឃុំខ្លួនបណ្តោះអាសន្ននោះ កំពុងត្រូវបានថៅកែបញ្ជាឲ្យគេរត់ការខ្វែងដៃខ្វែងជើងដើម្បីដោះលែង ពិសេសដោះលែងគ្រឿងចក្រឲ្យរួចផុតពីសំណាញ់ច្បាប់ ៕