ភ្នំពេញ ៖ ក្រុមហ៊ុនវារីវប្បកម្មបង្កងរបស់ប្រទេសចិន គ្រោងបោះទុនវិនិយោគនៅកម្ពុជា ក្រោយមើលឃើញលទ្ធភាពនៃទីតាំងមានសក្តានុពល ទាក់ទងនឹងសីតុណ្ហភាព និងតម្លៃពលកម្មកែច្នៃផលិតផល។
ក្នុងជំនួបជាមួយ ឯ.ឧ. វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២២ ខែធ្នូ នាទីក្រុង Qiang jiang ខេត្ត Hubei ប្រទេសចិន លោក Yulin Zheng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hubei Laker Group បានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសចិន ជួបបញ្ហាប្រឈម ពីរ បើធៀបនឹងកម្ពុជា គឺទី១.អាកាសធាតុនៅចិនមានសីតុណ្ហភាពត្រជាក់ខ្លាំងនៅរដូវរងារ ដែលធ្វើឱ្យបង្កង មិនអាចលូតលាស់បានល្អ និងទី២. ពលកម្មសម្រាប់កែច្នៃមានតម្លៃខ្ពស់ ដែលធ្វើឱ្យតម្លៃផលិតផលសម្រេចមានកម្រិតខ្ពស់ ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានសម្តែងការស្វាគមន៍គម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា និងរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន និងក្រសួង ដើម្បីឈានទៅអនុវត្តគម្រោងវិនិយោគនេះឱ្យបានឆាប់នាពេលខាងមុខ ៕