ភ្នំពេញ ៖ លោក ហែម បូរិទ្ធ ហៅ ឡាយអិន អតីតពិធីករទូរទស្សន៍ល្បីឈ្មោះម្នាក់ និងជា DJ រួមទាំងបក្ខពួក៣នាក់ទៀត ត្រូវបានលោក ឡុង ជាប ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី២៣ ខែធ្នូម្សិលម៉ិញ ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននិងរក្សាទុកអាវុធខុសច្បាប់។
ការបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនបានដោយជោគជ័យ ធ្វើឡើងកាលពីវេលាម៉ោង២៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្លាំងនគរបាលការិយាល័យទី៦នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ ក្នុងមជ្ឍមណ្ឌលកម្សាន្តរ៉ុក រួមមាន ថ្នាំមេតំហ្វេតាមីន(ICE) ទម្ងន់ជាង៣៧៤ក្រាម សារធាតុញៀនប្រភេទអុភិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម (សរុបជាង១គីឡូក្រាម) អាវុធខ្លី១ដើម (ឡុក) ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿង៕