ភ្នំពេញ៖ ប្រតិបត្តិការរួមគ្នាមួយ រវាងអាជ្ញាធរកម្ពុជានិងអាជ្ញាធរឥណ្ឌូណេស៊ីបានធ្វើឡើងកាលពីពេលថ្មីៗនេះប្រយោជន៍ជួយសង្គ្រោះពលករខ្មែរដែលចាញ់បោកមេខ្យល់នាំទៅធ្វើការលើទូកនេសាទសមុទ្រថៃប្រកបដោយគ្រោះថ្នាក់។
តាមសេចក្តីរាយការណ៍ពីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងកាលពីថ្ងៃទី២៩ ខែឧសភាថា ពលករខ្មែរចំនួន១៩៩នាក់ ដែលរងការចាញ់បោកទៅធ្វើការខុសច្បាប់លើទូកនេសាទថៃ ត្រូវបានជួយសង្គ្រោះក្នុងដែនសមុទ្រប្រទេសឥណ្ឌូណេស៊ី។ពលករខ្មែររងគ្រោះទាំងនោះនឹងត្រូវបំពេញបែបបទការទូតដើម្បីបានត្រឡប់មកស្រុកកំណើតវិញនៅក្នុងខែមិថុនានេះ។
សេចក្តីរាយការណ៍ដដែលបន្តថា ដោយពលករខ្មែរទាំង១៩៩នាក់នោះ មិនមានលិខិតឆ្លងដែនទេនោះ ស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូណេស៊ី នឹងចេញលិខិតបើកផ្លូវឲ្យនិងនៅជាមួយគ្នានោះទៀត ស្ថានទូតបានធ្វើអន្តរាគមន៍ឲ្យថៅកែទូកនេសាទថៃ បើកប្រាក់បៀវត្សឲ្យពួកគេ និងចេញសោហ៊ុយធ្វើដំណើរមកកម្ពុជាវិញនៅចុងខែមិថុនាឆ្នាំ២០១៥។
គួររំលឹកថាកាលពីថ្ងៃទី ២៧ ខែឧសភា កន្លងមកនេះ ក្រសួងការបរទេសកម្ពុជាបានចេញលិខិតមួយថ្លែងថា ពលករខ្មែរចំនួន៥៩នាក់ត្រូវបានជួយសង្គ្រោះចេញពីទូកនេសាទថៃក្នុងដែនទឹកឥណ្ឌូណេស៊ី និងពួកគេគ្រោងនឹងមកដល់កម្ពុជាវិញនៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ។
យោងតាមសេចក្តីជូនដំណឹងចុងក្រោយ របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៩ខែឧសភា ពលករខ្មែរ៧នាក់ ត្រូវបានបញ្ជូនមកកម្ពុជាហើយ។ចំណែក៦នាក់ទៀត នឹងមកដល់នៅថ្ងៃទី៣០ ខែឧសភានេះ ហើយ៨នាក់ទៀតនឹងមកដល់នៅថ្ងៃទី០២ ខែមិថុនា។ចំណែកពលករខ្មែរប្រមាណ ១៩៩ នាក់ ដែលទើបសង្គ្រោះបាននោះ នឹងវិលមកកម្ពុជាវិញនៅសប្តាហ៍ទី៣ ខែមិថុនា ខាងមុខនេះ៕ រដ្ឋា
ពលករខ្មែរ ធ្វើការនៅខេត្តឈុនបូរី (រូបថតៈឯកសារ)