ភ្នំពេញ ៖ កម្មករ កម្មការិនីប្រមាណ៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងរោងចក្រផលិតកាបូបយីហោ VENTURA មិនទាន់ដឹងមូលហេតុនៅឡើយទេ។ នេះជាលើកទី២ ហើយដែលក្រុមក្រុមកម្មករ កម្មការិនីរោងចក្រខាងលើដួលសន្លប់។
ក្រុមកម្មករទាំងអស់ ត្រូវបានខាងក្រុមហ៊ុនដឹកតាមរថយន្តយកទៅអោយក្រុមគ្រូពេទ្យកំពុងធ្វើសង្គ្រោះបន្ទាន់ដោយអ្នកខ្លះមានអាការៈថប់ដង្ហើមខ្លាំង ដែលហេតុការណ៍ខាងលើ នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង១០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងរោងចក្រផលិតកាបូបយីហោ VENTURA នៅក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកសំរោងទង បានស្រង់សម្តីក្រុមកម្មករកម្មការិនីនៅធ្វើការងារក្នុងរោង ចក្រ បានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុម កម្មករទាំងអស់កំពុងតែបំពេញធ្វើការស្រាប់តែមានអាការះទន់ដៃទន់ជើង និងធុំក្លិនអ្វីម្យ៉ាងដូចថ្នាំ បន្ទាប់មកក៏ដួលសន្លប់ជាបន្តបន្ទាប់តែម្តងទៅ។
ពេលនោះក៏មានការភ្ញាក់ផ្អើល ត្រូវបានខាងក្រុមហ៊ុនដឹក បញ្ជូនទៅសង្ក្រោះបន្ទាន់នៅមន្ទីរសំរាកព្យាបាលមួយកន្លែងនៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតមកដល់រសៀលនេះអ្នកខ្លះបានធូរស្បើយខ្លះហើយ ត្រឡប់ទៅផ្ទះវិញ៕