ភ្នំពេញ ៖ នៅថ្ងៃទី២៥ ធ្នូ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ នឹងព្រឹទ្ធិសភាបើកសម័យប្រជុំពិភាក្សាអនុម័ត ដែលនឹងបើកផ្លូវឲ្យអតីតមន្ត្រី CNRP អាចធ្វើនយោបាយឡើងវិញ បន្ទាប់ពីច្បាប់នេះ ត្រូវបានឡាយព្រះហស្តដោយព្រះមហាក្សត្រ។
សូមបញ្ជាក់ថា តាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយល លោក ស៊ឹម កា អនុប្រធានទី១ និងជាប្រធានស្តីទីព្រឹទ្ធសភា បានកំណត់យកថ្ងៃទី ២៥ ធ្នូ នេះដើម្បីសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិនិត្យ និងអនុម័ត ច្បាប់នេះ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ធ្វើឡើងដើម្បីធានាភាពច្បាស់លាស់អំពីបុគ្គលដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយស្របតាមគោលការណ៍នីតិរដ្ឋ លើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ច្បាប់នេះនឹងថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជតួនាទីស្របតាមស្មារតី នៃរដ្ឋធម្មនុញ្ញក្នុងការផ្តល់នីតិសម្បទាឡើងវិញចំពោះអ្នកនយោបាយ ដែលត្រូវតុលាការកំពូលសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ តាមអំណាចសាលដីកា។ ទោះយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះបានអះអាងថា គណបក្សនយោបាយដែលត្រូវបានរំលាយដោយច្បាប់ គឺមិនអាចកើតឡើងវិញទេ អតីតតំណាងរាស្ត្រ ឬអតីតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរលាយតាមគណបក្សនោះ ក៏ត្រូវតែរលាយដែរ៕