ហាមចរាចរណ៍ពីគល់ស្ពានព្រែកព្នៅ ទៅផ្លូវជាតិលេខ៦ អំឡុងថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ
ភ្នំពេញ ៖ កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នឹងត្រូវបិទចរាចរណ៍ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដោយត្រូវពង្វាងចរាចរណ៍ឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ។
នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការបញ្ចៀសចរាចរណ៍ក្នុងអំឡុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ និងអបអរសាទរនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគ ជ័យ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន។
អាជ្ញាធររាជធានីបញ្ជាក់ថា ការបិទចរាចរណ៍នេះ គឺដើម្បីឱ្យកម្មវិធីខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍៕