ព្រះវិហារ ៖ លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរៈភូមិន្ទ នាយរងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឯកឧត្តម ប៊ុន ថន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់លោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រី នាយកខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងទ័ពសម្ព័ន្ធមេត្រីភាពវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ នាឱកាសអបអរសាទរបុណ្យឯករាជ្យជាតិ ៧មករាឆ្នាំ១៩៧៩/៧មករា២០១៩ ដែលនិងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ដំណើរអញ្ជើញចុះសួរសុខទុក្ខនេះបានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីបញ្ជាការវរសេនាតូច៣៨៥ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បញ្ជាការដ្ឋានកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង តាមបណ្ដាការិយាល័យជំនាញ នាយនិងពលទាហានជាច្រើននាក់ផងដែរ។
ជាមួយគ្នានោះ ទាំងមេបញ្ជាការវរៈ ក៏ដូចជានាយ និងពលទាហានទាំងអស់ ក្នុងវរសេនាតូច៣៨៥ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងលោកឧកញ៉ា អគ្គនាយកធនាគារកាណាឌីយ៉ា រួមទាំងមន្ត្រីខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែជួយទំនុកបំរ៉ុងទាំងសម្ភារះ មធ្យោបាយ និងថវិកា ក្នុងការជួយទ្រទ្រង់កសាងអង្គភាព ក៏ដូចជាជួយអភិវឌ្ឍន៍ លើកតម្កើងជីវភាពគ្រួសារកងទ័ព នៅតំបន់ជួរមុខ ឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។
មានប្រសាសន៏ថ្លែងទៅកាន់ នាយទាហាននាយទាហានរង និងពលទាហាន នាឱកាសនោះ លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរៈភូមិន្ទ នាយរងខុទ្ទកាល័យសម្ដេចមានប្រសាសន៍ថា ការចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ ជាមួយនឹងសមរភូមិមុខក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០៥ ក្នុងឱកាសសន្និបាតកងយោធពលខេមរៈភូមិន្ទិលើកទី២។លោកបន្តថា ការចងសម្ព័ន្ធមេត្រីភាពមានហេតុផល២យ៉ាងមួយគឺជួយបំពេញឲ្យនូវអ្វីដែលជារបបរបស់រាជរដ្ឋាភិបាល របស់ក្រសួង របស់អគ្គបញ្ជាការដល់បណ្ដាអង្គភាព ពិសេសបានផ្សារភ្ជាប់នូវស្មារតី សាមគ្គីរវាងសមរភូមិក្រោយ ជាមួយនឹងសមរភូមិមុខ។
បន្ទាប់ពីប្រសាសន៍សំណេះសំណាលបានបញ្ចប់ គណៈប្រតិភូបានអញ្ជើញប្រគល់ថវិកា និងចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗទទួលថវិកា១៥ម៉ឺនរៀល៕ ដោយ ៖ ស.ស.