ភ្នំពេញ ៖ កញ្ញា ទេព បូព្រឹក្ស កំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស បានស្រ’កទ្រហោយំ ខណៈត្រូវបានបុរសម្នាក់ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ក្នុងពេលដែលនាងកំពុងតែច្រៀងនៅលើឆាក ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ១០៖០៥នាទីយប់ ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋានមួយយីហោ សមុទ្រ នៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀង និងសម្ដែងនៅក្នុងកម្មវិធី Hite X’mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ធាន “សមុទ្រ” ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ពេល៩និង៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀង ។
ទើបធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស កើតទុក្ខមិនសុខចិត្ត ទើបធ្វើការ Live វិដេអូផ្ទាល់ ចេញពីគណនេយ្យផេកហ្វេសប៊ុករបស់កញ្ញាផ្ទាល់ រហូតមហាជនអ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video របស់កញ្ញាបន្តបន្ទាប់គ្នា បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ចើញរបស់ភោជនីយដ្ឋានខាងលើ ដែលជា Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ ។
ដោយនៅក្នុងវិដេអូ Live នោះដែរ ទេព បូព្រឹក្ស បានស្រែករកក្រុមអ្នកយកព័ត៌មានដែលកញ្ញាតែងតែឃើញ Live ជារៀងរាល់ថ្ងៃនោះ ឲ្យចុះមកកន្លែងកើតហេតុ ជួយផ្សាយរកយុត្តិធម៌ឲ្យកញ្ញាផង និងលឺសំឡេងម្ចាស់ហាងបានព្យាយាមនិយាយទៅកាន់កញ្ញា ទេព បូព្រឹក្ស ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា រឿងគេយកកំប៉ុងស្រាបៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ សម្រួលយ៉ាងម៉េច? ដោយកញ្ញា បូព្រឹក្ស មិនព្រមសម្រួលទេ ទើបលឺសំឡេងម្ចាស់ហាងដេញចុះពីឆាក ឲ្យទៅខាងក្រៅទៀត ទើបនាងស្រែកទ្រហោយំ មិនសុខចិត្ត ចំពោះទង្វើបុរសដែលម្ចាស់ហាងបញ្ជាក់យ៉ាងច្បាស់ថាជាភ្ញៀវនោះ យកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង នេះហាក់បីជាមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញាទាល់តែសោះ។
ភ្លាមៗនោះគេឃើញ លោក G Devid (ជីដេវីត) ក៏បានមកដល់ និងចូលទៅដោះស្រាយ នៅក្នុងភោជនីយដ្ឋាននោះដែរ ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកយកព័ត៌មានស្ទើរគ្រប់ស្ថាប័ន និងសមត្ថកិច្ចុចុះទៅកន្លែងកើតហេតុផងដែរ៕