ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោងចំណាយថវិកា ចំនួន ៥៤៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ឲ្យថ្នាក់ក្រោមជាតិ ដេលចំនួននេះ កើន ឡើង ប្រមាណ ១២៧លានដុល្លារ បើប្រៀបធៀបឆ្នាំ២០១៨។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការរៀបចំផែន ការសកម្មភាព និងថវិកាឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។
លោក ថា សកម្មភាពជាអាទិភាពនៅក្រោមជាតិនានា នឹងត្រូវលើកយកពិភាក្សា ដោយ ផ្អែកសំខាន់ ទៅលើផែនការអនុវត្ត៣ឆ្នាំ ដំណាក់កាលទី៣ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ ស្ដីពី ការអនុវត្តតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។
សកម្មភាពទាំងនេះ ក៏ត្រូវបានរៀបចំឡើង ដោយផ្អែកទៅលើគម្រោងថវិកា សរុបប្រមាណ ៥៩៥លានដុល្លារ រួមបញ្ចូលនូវ ៖(១)ថវិការដ្ឋចំនូនប្រមាណ ៥៥១លានដុល្លារ ដោយក្នុង នោះ មានថវិកាចំនួនប្រមាណ ៥៤៣លានដុល្លារ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថវិកា ចូលរួមចំណែកពីដៃគូអភិវឌ្ឍ ចំនួនប្រមាណ៤៤លានដុល្លារ ។
បើប្រៀបធៀបឆ្នាំ២០១៨ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩ ខាងមុខនេះ មាន ការកើនឡើង ប្រមាណ ១២៨លានដុល្លារ ដោយសារកំណើនសេដ្ឋកិច្ចជាតិ ការ បង្កើន អត្រាចូលរួមរបស់ថវិការដ្ឋ ទៅក្នុងមូលនិធិឃុំ-សង្កាត់ មូលនិធិក្រុង-ស្រុក និងការបង្កើន ឲ្យមានប្រភពចំណូលផ្សេងៗទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ”។
គួរជម្រាបថា ចំនួននេះ មិនទាន់បានគិតបញ្ចូលនូវថវិកាដែលត្រូវផ្ទេរដោយមានលក្ខខណ្ឌ សម្រាប់ការអនុវត្តមុខងារនានា របស់ក្រសួងមួយចំនួន ដែលបានសម្រេចចិត្តផ្ទេរ ទៅ ឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ៕