ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំដៅទៅ ដល់អតីត មន្ត្រីគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលហាមឃាត់មិនឲ្យធ្វើនយោបាយ ថា មានជម្រើសចំនួនបីសម្រាប់ផ្តល់ឲ្យអ្នកទាំងនោះ មានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ។
ជម្រើសទាំងបីដែលសម្តេចតេជោ បានលើកឡើងដើម្បីឲ្យអតីតមន្ត្រីគណបក្សប្រឆាំង មានសិទ្ធិធ្វើនយោបាយវិញ គឺទី១-ថ្វាយស្នើសុំព្រះរាជទាន លើកលែងទោសពីព្រះមហាក្សត្រផ្ទាល់ ទី២-ដាក់លិខិតមកកាន់នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីដាក់ស្នើថា្វយព្រះមហាក្សត្រ និងទី៣-ដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ រួចក្រសួងមហាផ្ទៃ នឹងថា្វយព្រះមហាក្សត្រ។
នាយករដ្ឋមន្ត្រី បានអះអាងថា មិនមែនច្បាប់នេះដាក់ឲ្យអនុវត្តភ្លាម អ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិនយោបាយទាំងអស់នោះ អាចវិលចូលឆាកនយោបាយវិញបានភ្លាមបានទេ។ អ្នកនយោបាយទាំងនោះ ត្រូវស្នើម្នាក់ម្តងៗ មិនអាចស្នើជាកញ្ចប់នោះឡើយ។
នាយករដ្ឋមន្ត្រី បន្ថែមថា បើអ្នកមិនសុំទេ គឺអ្នកមិនអាចចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ បានទេ ហើយបើអ្នកសុំពីឥឡូវនេះ នឹងមានសិទ្ធិចូលធ្វើនយោយបាយ ដើម្បីឈានទៅដល់ការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខ។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីថា ទោះនៅពេល ច្បាប់ស្តីពីវិសោធនកម្មច្បាប់នេះចូលជាធរមានក៍ដោយ ក៏គណបក្សសង្គ្រោះ ជាតិទាំងមូល មិនអាចរស់ឡើងវិញបានទេ។ គេមិនអាចបង្ខំឲ្យព្រះអាទិត្យរះនៅពេលរាត្រីម៉ោង ១២យប់បានទេ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ ធ្នូ កន្លងទៅ ព្រឹទ្ធិសភាបានពិនិត្យ និងឯកភាពទាំងស្រុងទៅសេចក្តីស្នើវិសោធនកម្មច្បាប់មាត្រាទី៤៥ថ្មីស្ទួន ច្បាប់ស្តីពីគណបក្សនយោបាយ ហើយ នឹងបន្តទៅកាន់ក្រុមប្រឹក្សាធម្មនុដែលនឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដើម្បីពិនិត្យ និងសម្រេច។ ក្រោយក្រុមប្រឹក្សាសម្រេចរួច ច្បាប់នេះ នឹងត្រូវដាក់ថ្វាយព្រះ មហាក្សត្រដើម្បីឡាយព្រហស្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕