ភ្នំពេញ៖ អ្នកប្រើប្រាស់គ្រឿងញៀនប្រភេទស៊ីហ្សាប្រមាណ៥០នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការសំអាតប្រាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនរួមនិងវត្ថុតាងមួយចំនួននៅក្នុងក្លឹបកម្សាន្តមួយកន្លែងក្នុងខណ្ឌចំការមន។
តាមមន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងថា មនុស្ស៥០នាក់ ដែលកំពុងវក់ឈ្លក់វង្វេងញៀន នឹងការជក់ស៊ីហ្សា ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៩ ខែឧសភា នៅក្នុងក្លិបសាហារ៉ា ដែលមានទីតាំង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចបញជាក់ថា អ្នកប្រើប្រាស់ស៊ីហ្សាចំនួន ៥០នាក់ ត្រូវបាឃាត់ខ្លួនក្នុងនោះស្រី១១នាក់។ ក្រៅពីនោះ សមត្ថកិច្ចចាប់បានយកវត្ថុតាងរួមមានៈ ឧបករណ៍ជក់ស៊ីហ្សាចំនួន២០បំពង់ ដំណាប់ស៊ីហ្សាចំនួន២កញ្ចប់ ដាវសាមរ៉ៃចំនួន២ និងម៉ូតូ ២៩គ្រឿង។
គួរបញ្ជាក់ថាអ្នកប្រើប្រាស់ស៊ីហ្សាទាំងនេះ ភាគច្រើនមានវ័យក្មេងៗជាកូនអ្នកមានលុយ ហើយពួកគេកំពុងតែដើរទៅរកផ្លូវខុសដែលមិនត្រឹមតែប៉ះពាល់អនាគតដ៏ធ្ងន់ធ្ងររបស់ពួគេប៉ុណ្ណោះទេ ថែមទាំងអាចបង្កបញ្ហាដល់សង្គមជាតិថែមទៀតផង៕ រដ្ឋា