ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ នេះ បាន ប្រកាសត្រៀមខ្នោះរួចជាស្រេច ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី បើលោក សម រង្ស៊ី ចូលកម្ពុជានៅពេលណាមួយ។ សម្ដេចតេជោ ក៏បានថ្លែងចំអកថា បើលោក សម រង្ស៊ី មិនចូលស្រុកតាមការប្រកាសរបស់ខ្លួនទេ គឺជាមនុស្សកំសាក។
ពីស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណជាង១ម៉ឺន៥ពាន់នាក់ មកពីខេត្តកំពង់ ស្ពឺ និងខេត្តកណ្ដាល សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសត្រៀមខ្នោះដើម្បីចាប់ខ្លួនលោកសម រង្ស៊ី នៅពេលណាក៏ដោយឲ្យតែលោកសម រង្ស៊ី ជាន់ទឹកដីកម្ពុជាភ្លាមនោះ។ ការប្រកាសចាប់ខ្លួនលោកសម រង្ស៊ី គឺទៅតាមសាលដីកាសម្រេចរបស់តុលាការក្នុងសំណុំរឿងជាច្រើន។ សម្ដេចតេជោ បានឌឺដងដល់លោកសម រង្ស៊ី ថា បើការប្រកាសចូលស្រុករបស់លោកសម រង្ស៊ី ហើយបែរជាលោកសម រង្ស៊ីមិនបានចូលស្រុកវិញនោះ លោកសម រង្ស៊ីជាជនកំសាក។
សម្តេចតេជោ ថ្លែងថា «…. ខ្ញុំបានត្រៀមរួចស្រេចហើយ ចំពោះអ្នកដែលបានត្រៀមខ្លួនចូលស្រុក ខ្ញុំក៏បានត្រៀមខ្នោះនិងគុករួចហើយដែរ។ សូមអញ្ជើញអ្នកក្លា ហាន កាន់ទឹកដីកម្ពុជា មុនក៏បានក្រោយក៏បាន បន្ទាប់ពីឱសានវាទនៃការភ្នាល់គ្នា គឺក្រោយថ្ងៃ ០១ ខែមីនា ឆ្នាំ ២០១៩។ បើសិនអ្នកឯងមិនបកក្រោយថ្ងៃទី១ ខែមីនា ដែលជាឱសានវាទនៃការភ្នាល់ គឺអ្នកឯងជាសត្វឆ្កែសុទ្ធ។ ពេលណាក៏ដោយ អោយតែមានរឿងមិនថាតូចម្ខាងធំ។ មុនខ្ញុំលើកលែងទោ សឲ្យអ្នកឯងចំពោះឪពុកខ្ញុំមរណៈភាព តែលើកនេះ ខ្ញុំមិនលើកលែង ទោសហើយអ្នកឯងនោះទេ ខ្ញុំបញ្ជាដាក់ខ្នោះអ្នកឯង ព្រោះរដ្ឋបាលត្រូវអនុវត្តនៅសាលដីកាតុលាការ ត្រង់អ្នកណាថាអីថាទៅ។ សូមអញ្ជើញមកជាប់គុកចំពេលចូលឆ្នាំខ្មែរឆ្នាំ ២០១៩ ក្នុងគុកក្លាយទៅជាវីរបុរសនៃការជាប់គុក…….»។
គួររំលឹកថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃសៅរិ៍កន្លងទៅ បានចេញមុខមកប្រកាសស្នើសុំឲ្យអ្នកគាំទ្ររបស់ខ្លួនចូលរូមការពារជំហរសម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយឲ្យបានរឹងមាំ។
ពាក់ព័ន្ធនឹងការលើកឡើងថា “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ” នេះដែរ មន្ត្រីអតីតបក្សប្រឆាំង និងគណបក្សកាន់អំណាច បានអះអាងថា គឺគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះ ដែលការពិតបានបែកបាក់គ្នារួចទៅហើយ៕