ស្ថាប័ន​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា ចាត់ទុក​អង្គការ​ជា​ដៃគូ​នានា​ថា មាន​សារសំខាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជាមួយ​ដៃគូ​ក្នុងការ​អនុវត្ត​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​នេះ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក យិន ឃុន​ផ​យ មានប្រសាសន៍ថា អង្គការ​ជា​ដៃគូ​មាន​សារសំខាន់​ខ្លាំងណាស់ ក្នុង ការរួមចំណែក​ក្នុង​ការងារ​គ្រប់គ្រង និង​កាត់បន្ថយ​គ្រោះមហន្តរាយ​នៅ​កម្ពុជា​។​

​លោក យិន ឃុន​ផ​យ បាន​លើកឡើងថា អ្វីដែល​យើង​បាន​ឯកភាពគ្នា​កន្លងមក​រវាង គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​បណ្តា​អង្គការ​ជា​ដៃគូ គឺ​យើង​បាន​អនុវត្ត បាន​មួយចំនួនធំ​ហើយ នៅ​មួយចំនួនទៀត​ដែល​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការដោះស្រាយ​គ្រោះមហន្តរាយ​ដែល​បានកើត​មាន ឡើង​។ លោក​អគ្គលេខាធិការ​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ត្រូវបាន បង្កើត​ឲ្យ​មាន​ឡើង​ដើម្បី​ធ្វើជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​ក្នុងការ​ដឹកនាំ គ្រប់គ្រង និង សម្របសម្រួល​បញ្ហា​គ្រោះមហន្តរាយ​នៅ​កម្ពុជា ហើយ​ថា​ភាពជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិ ការកាត់បន្ថយ​ហានិភ័យ​ត្រូវបាន​ពង្រីក​យ៉ាង​ទូលំទូលាយ ដោយមាន​ស្ថាប័ន​ជាច្រើន​បាន បញ្ចូល​ការងារ​នេះ​ទៅក្នុង​ផែនការកម្ម​វិធី​របស់​ខ្លួន​ថែម​ទៀតផង​។​

យោងតាម​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា គ្រោះ​មហន្ត រាយ​កាលពី​ឆ្នាំ​២០១១ បានធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​សរុប​ប្រមាណ ៤៥០​លាន​ដុល្លារ​អាមេរិក​,​ឆ្នាំ ២០១៣ ប្រមាណ ៣៥៦​លាន​ដុល្លារ​អាមេរិក​,​ឆ្នាំ​២០១៤ ប្រមាណ ១៣២​លាន​ដុល្លារ​អាមេរិក​។ រីឯ​សម្រាប់​ឆ្នាំ​២០១៨​នេះ កម្ពុជា​បានទទួល​រងគ្រោះ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ​មេគង្គ ផង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១៣​ម៉ឺន​គ្រួសារ ផ្ទះសម្បែង​ពលរដ្ឋ​ជិត ៨​ម៉ឺន​ខ្នង ខូចខាត ស្រូវ​ជាង ៥៤​ពាន់​ហិកតា និង​បានសម្លាប់​ជីវិត​មនុស្ស​អស់ ៦៣​នាក់​ថែម​ទៀតផង​។

តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ពុំទាន់​បានបង្ហាញ​ពី តម្លៃ​នៃ​ការខូចខាត​សរុប​ជា​ទឹកប្រាក់​ថា​មាន​ប៉ុន្មាន​សម្រាប់​ឆ្នាំ​២០១៨​នេះ​នៅឡើយ​ទេ​៕