ភ្នំពេញ ៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងក្របខណ្ឌមន្ត្រីរាជការ ឱ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ថែមទៀត ក្រសួងមហាផ្ទៃ បានធ្វើការផ្លាស់ប្តូរតួនាទីភារកិច្ចនឹងការទទួលខុសត្រូវមួយចំនួន នៅក្នុងខណ្ឌព្រែកព្នៅ ក្នុងនោះ លោក ជា វីរៈ ជាឧត្តមមន្ត្រីថ្នាក់លេខ៦ ឱ្យកាន់មុខដំណែងជា អភិបាលរងខណ្ឌព្រែព្នៅ ជំនួសលោក ទូច សាលីន ដែលមានឋាន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលត្រូវទៅបំរើការងារ នៅក្របខណ្ឌដើមវិញ។
ក្នុងឱកាស ផ្ទេរនិងផ្លាស់ប្តូរភារកិច្ចនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរ តួនាទីភារកិច្ច មន្ត្រីរាជការ ជារឿងធម្មតា អ្នកចាស់ផ្លាស់ទៅកាន់តួនាទី មុខដំណែងថ្មី ក៏ជាមន្ត្រីរាជការ ដែលបំរើឱ្យប្រជាពលរដ្ឋ និងប្រទេសទេសជាតិ ដូចគ្នា នឹងអ្នកថ្មី ដែលត្រូវមកកាន់មុខដំណែងថ្មីដែរ អ្វីដែលសំខាន់ គឺត្រូវពង្រឹង សមត្ថ ភាព ប្រឹងប្រែងធ្វើការងារ តាមតួនាទីភារកិច្ច ក៏ដូចជា គោរពនូវបទបញ្ជា គោលការណែនាំ របស់ថ្នាក់ដឹកនាំឱ្យបានខ្ជាប់ខ្ជូន ជាពិសេស មានការឯកភាព សាមគ្គីភាព រវាង ក្រសួងមន្ទីរ ស្ថាប័ន រដ្ឋ វិស័យ ឯកជន សង្គមស៊ីវិល និង មានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ។
ជាមួយគ្នានោះលោកអភិបាលខណ្ឌ ក៏បានជម្រាបជូន អំពី សកម្មភាពការងារ កសាង ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ការធ្វើអភិបាលកិច្ច ក៏ដូចជាការផ្តល់សេវាកម្ម ការដោះស្រាយបញ្ហានានា បំរើជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានយ៉ាងល្អប្រសើរ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ ចំពោះ សមិទ្ធិផល ដែលបានកើតចេញពីកិច្ចខិតខំប្រប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋ ក្នុងខណ្ឌព្រែកព្នៅ ធ្វើឱ្យខណ្ឌនេះ មានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យគួរឱ្យកត់សំគាល់។
លោក អភិបាលរង បានមានប្រសាសន៍ថា ទន្ទឹមនឹងការរីកចំរើនគួរឱ្យមោទនៈភាពនេះ ក៏មានបញ្ហាប្រឈមជាច្រើន ដែលត្រូវរួមគ្នាគិតគូរ និងដោះស្រាយនៅចំពោះមុខ ដូចជា បញ្ហាសំរាម បញ្ហាចរាចរ បញ្ហាកំណើន នៃមធ្យោបាយធ្វើដំណើរនិងការធ្វើចំណាកស្រុករបស់ពលរដ្ឋមករស់នៅភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកខ្លួនយ៉ាងធំនាពេលបច្ចុប្បន្ន ដែលជាកង្វល់រួម នឹងជាបន្ទុកដែលត្រូវដោះស្រាយជាបន្តបន្ទាប់។
លោក នួន ផារ័ត្ន បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អ ថ្នាក់ដឹកនាំក្នុងខណ្ឌទាំងអស់ ត្រូវតែក្តាប់ឱ្យបានជាប់នូវផែនការ និងប្លង់គោល នៃការវិវឌ្ឍរាជធានីភ្នំពេញ ជាពិសេស ក្នុងដែនគ្រប់គ្រងរបស់ខ្លួន ចៀសវាងការផ្តល់ ឬ ការអភិវឌ្ឍន៍ ក្នុងតំបន់ណាមួយ ដែលផ្ទុយពីគោលការណ៍ច្បាប់អនុញ្ញាត៕