កោះកុង៖សមត្ថកិច្ចបាននាំខ្លួនស្ត្រីម្នាក់ដែលបានចោទប្រកាន់ពីបទរួមគំនិតជា មួយសង្សារ ជាមួយប្អូនប្រុសបង្កើត និងជាមួយអ្នកជិតខាង សម្លាប់ម្តាយបង្កើតខ្លួនéកាលពីថ្ងៃទី២៨កន្លងមក ទៅតុលាការដើម្បីស៊ើបសួរ។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែឧសភានេះ បាននាំស្ត្រីជាប់ចោទម្នាក់ (ជាអ្នកជិតខាង) ទៅធ្វើត្រាប់ នៅផ្ទះស្ត្រីរងគ្រោះ ក្នុងរឿងកាប់សម្លាប់ស្ត្រីចំណាស់ម្នាក់ ប្លន់យកមាសជិត១០ដំឡឹង នៅចំណុចភូមិ៤ សង្កាត់ដងទង់ ខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែឧសភា។
ជនសង្ស័យទាំង ៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ត្រូវគេស្ឡាស់ឈ្មោះ ស៊ីម ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ។ ឈ្មោះ សល់ ភេទប្រុស អាយុជិត ៣០ឆ្នាំ ត្រូវជាសង្សារឈ្មោះ ស៊ីម និងឈ្មោះ មុំ ភេទស្រី អាយុ៤៥ឆ្នាំ ជាអ្នករស់នៅជិតខាង។
សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីជាជនសង្ស័យឈ្មោះ ជា មុំ អាយុ៤៥ឆ្នាំ ជាអ្នករស់នៅជិតខាង នឹងស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នារសៀលថ្ងៃទី២៨ ខែឧសភា។នៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនៅអំពើប្លន់សម្លាប់ ស្ដ្រីឈ្មោះ មេង សៃ រួមគំនិតជាមួយនឹងកូនស្រីស្ដ្រីរងគ្រោះឈ្មោះ ណៃ ស៊ីម រួចសម្ភារៈ ពូថៅដែលជាមធ្យោបាយកាប់សម្លាប់ស្ដ្រីខាងលើ ខ្លួនបានយកទៅបោះចោលនៅឯមាត់សមុទ្រ ដើម្បីបំបាត់ភស្ដុតាង។
ក្រោយពីទទួលចម្លើយសារភាពភ្លាម នៅព្រឹកថ្ងៃទី២៩ ខែឧសភា សមត្ថកិច្ច ក៏បានស្ទាក់ចាប់កូនស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ណៃ ស៊ីម អាយុ៣១ឆ្នាំ មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ខណៈស្ត្រីរូបនោះកំពុងហែសពម្តាយយកទៅធ្វើបុណ្យនៅស្រុកកំណើតឯ ខេត្តកំពត។
ជាមួយគ្នានោះដែរ ប្អូនប្រុសម្នាក់ទៀតរបស់ឈ្មោះ ណៃ ស៊ីម ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនមកផងដែរ បន្ទាប់ពីមានការផ្តល់ចម្លើយថា ប្អូនប្រុសរូបនោះជាអ្នកទុកទ្រព្យសម្បត្តិដែលប្លន់បាន។
ទោះជាយ៉ាងណាក៏ដោយ ខណៈនាំយកជនសង្ស័យមកបង្ហាញសកម្មភាពនោះ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ គឺជាការឃុបឃិតគ្នារវាងឈ្មោះ ជា ម៉ុម ជាអ្នកជិតខាង និងឈ្មោះ ណៃ ស៊ីម ជាកូនបង្កើត តែសម្រាប់មូលហេតុដែលបណ្តាលឲ្យកើតមានដល់អំពើប្លន់សម្លាប់ម្តាយ ខ្លួនឯងនេះ សមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ឡើយ។
សមត្ថកិច្ច បានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលជនសង្ស័យប្លន់បានរួមមាន ខ្សែដៃ ខ្សែក និងប្រាក់ដុល្លារជាង២០០០ដុល្លារអាមេរិក ជាមួយនឹងប្រាក់រៀល ប្រាក់កូរ៉េមួយចំនួនទៀត។
សមត្ថកិច្ច នឹងបញ្ជូនខ្លួនជនសង្ស័យខាងលើ រួមជាមួយនឹងសង្សារ កូនស្រីស្ដ្រីរងគ្រោះផងដែរនោះ ទៅសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធទៅនឹងបទល្មើស “អំពើឃាតកម្ម” និងបទល្មើស “ប្លន់សម្លាប់” យកទ្រព្យសម្បត្តិ៕