កំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានឲ្យដឹងនៅថ្ងៃទី២៧ ធ្នូ នេះថា ពលរដ្ឋ វៀតណាមជិត ៨០០គ្រួសារ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង អនុញ្ញាតឲ្យបន្តស្នាក់នៅ បណ្ដោះអាសន្ននៅលើផ្ទៃបឹងទន្លេសាប រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩។
ការអនុញ្ញាតនេះ ធ្វើ ឡើងតែសម្រាប់ពលរដ្ឋដែលមានកន្លែងចិញ្ចឹមត្រីលើបឹងទន្លេសាប ប៉ុណ្ណោះ ចំពោះអ្នកដែលគ្មានកន្លែង ចិញ្ចឹមត្រីជាង ១.២០០គ្រួសារទៀត ត្រូវអាជ្ញាធរបញ្ជូនឡើងគោក ឲ្យទៅរស់នៅកន្លែងថ្មីរួចរាល់អស់ហើយ។
សូមជម្រាបថា ការផ្លាស់ទីជនជាតិវៀតណាម អ៊ីស្លាម និងខ្មែរ ឡើងមកនៅលើគោកនេះ ស្ថិតនៅក្នុងផែនការ ៥ឆ្នាំ របស់ខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។
ជនជាតិវៀតណាមជាង ២.០០០គ្រួសារ នេះ ផ្លាស់ទីចេញពីគោលដៅចំនួន ៦នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលអាជ្ញាធរកំពុងសម្រុករៀបចំរចនាសម្ព័ន្ធថ្មី ដោយរួមមាន៖ ការចាក់ដីស្ថាបនាថ្នល់ ការតបណ្ដាញទឹក ភ្លើង រួមនឹងការសាងសង់សាលារៀន និងមន្ទីរពេទ្យជាដើម ក្រោមការសម្របសម្រួលពីសមាគមវៀតណាមប្រចាំនៅកម្ពុជា៕