ឆ្នាំ​២០១៨ សកម្មជន​ការពារ​ព្រៃ​ឡង់ ឃាត់ខ្លួន​ក្រុម​ជន​ចូល​កាប់​ឈើ​ល្មើសច្បាប់​បាន៧៣​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2018 ក+ ក-

​ភ្នំពេញ ៖ មនុស្ស ៧៣​នាក់ ត្រូវបាន​ក្រុម​សកម្មជន​បណ្ដាញ​ការពារ​ព្រៃ​ឡង់​ចាប់​ឃាត់ខ្លួន និង​រណារយន្ត​ប្រមាណ ១២៣ គ្រឿង​ត្រូវបាន​រឹបអូស​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​ពាក់ ព័ន្ធ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ដីព្រៃ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​រយៈពេល ១ ឆ្នាំ ២០១៨ នេះ​។

នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ ២០១៨ របស់​សហគមន៍​បណ្ដា​ញ​ព្រៃ​ឡង់​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួលបាន​កាលពី​ម្សិលមិញ​។​

​ទោះជា​បែបណា​របាយការណ៍​នោះ​និយាយថា ជន​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​មិនត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​ចាប់បញ្ជូន​ទៅកាន់​តុលាការ​នោះទេ ដោយ​សំអាងថា «​ពួកគេ​ទើបតែ​ប្រព្រឹត្ត​កំហុស​តិចតួច​ជា​លើកដំបូង​»
​ទាក់ទិន​នឹង​ករណីនេះ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១.២២១ នាក់ ប៉ុន្តែ​មិន​គ្រប់ គ្រាន់​ក្នុងការ​ល្បាត​សម្រាប់​ការការពារ ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅលើ​ផ្ទៃ​ដីព្រៃ​ក្នុង​តំបន់​ការពារ និង​អភិរក្ស​ដែលមាន​រហូតដល់ ៧,១ លាន​ហិកតា​នៅ​ទូទាំងប្រទេស​នោះទេ​៕