ប្រធាន​កាំកុងត្រូល​ប្រចាំ​ច្រក​បឹង​ត្រកួន​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រក​តំបន់​បឹង​ត្រ​កូនលោក សំ សុធា​រ័ត្ន ជួប​គ្រោះថ្នាក់ ចរាចរណ៍​ស្លាប់ នៅ​កន្លែងកើតហេតុ​នេះ ខណៈ​រថយន្ត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក តាម​បណ្តោយ ជាតិ លេខ​៥៨ ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំការ​គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​
​ ​
​បើតាម​អធិការ​ស្រុក​ស្វាយចេក លោក ជា ឆ្លូញ បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក សំ សុធា​រ័ត្ន អាយុ​៤៤​ឆ្នាំ​ប្រធាន​ស្នាក់ការ​ប្រចាំ​ច្រក​បឹង​ត្រកួន​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់ ។

​ប្រភព​បន្តថា លោក សំ សុធា​រ័ត្ន បាន​បើករថយន្ត​ម៉ាក​លុច​ស៊ី​ស អ​អ៊ិ​ច 300 ពាក់​ស្លាក​លេខ 2S.9669 ចង្កូត​ឆ្វេង ពណ៌​ទឹកដោះគោ ធ្វើដំណើរ​មកពី​ប្រជុំ​នៅ​ទីក្រុង​ប៉ោយប៉ែត ក្នុងទិសដៅ​ពី​ខាងត្បូង​ទៅ​ទិស​ខាងជើង លើ​កំណាត់​ផ្លូវជាតិ​លេខ 58 ក្នុង​ល្បឿន​លឿន លុះ​មក ដល់ ត្រង់ចំណុច​ខាងជើង​ខ្លោងទ្វារ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ 317 តេ​ជោ​ភ្នំ​ឆ័​ត្រ មាន​ចម្ងាយ ប្រមាន​ជា ៥០០ ម៉ែត្រ រថយន្ត​នោះ ក៏បាន​រេ​ចង្កូត​ធ្លាក់ចូល​ប្រ​ទ្បា​យ​ទឹក​ដោយ​ខ្លួនឯង ធ្វើអោយ រថយន្ត​ផ្ងារជើង​ឡើងលើ បណ្ដាល​ឲ្យ​លោក សំ សុធា​រ័ត្ន តង​របួស និង​លង់ទឹក​ស្លាប់ នៅ​កន្លែង កើត ហេតុតែ​ម្ដង​។

ប្រភព​មួយ​ផ្សេងទៀត​បាន​សង្ស័យថា ក្រោយពី​កិច្ចប្រជុំ​រួច ជនរងគ្រោះ​អាច មាន​ពិធី​ហូបចុក​គ្រឿង​ស្រវឹង​ជាមួយ​មិត្តភក្តិ រួច​ទើប​ធ្វើដំណើរ​មក​ស្នាក់ការ ខាងលើ​តែម្នាក់ឯង​ទើប ជួប គ្រោះថ្នាក់​។

​លោក​អធិការ​បញ្ជាក់ថា នៅ​ចន្លោះ​ម៉ោង ៨​និង​៥0​នាទី ព្រឹក​ថ្ងៃទី​២៩ ធ្នូ ២០១៨​ទទួលបាន​ព័​ត៌ មាន ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ប្រាប់​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​នៅលើ​ផ្លូវជាតិ លេខ ៥៨ ចំនុច ចន្លោះ​បង្គោល​គីឡូ​លេខ​(41-42)​ស្ថិត​ក្នុងភូមិ ចំការ​គ​ឃុំ​/​ស្រុក​ស្វាយចេក ខេត្ត បន្ទាយមានជ័យ លោក​ក៏បាន​ចាត់​កម្លាំង​ទៅ​ចំណុច​ខាងលើ​ក៏​ប្រទះឃើញ​ករណីនេះ​ពិតមែន​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា រថយន្ត​នេះ បាន​ក្រឡាប់​នៅ​ចន្លោះ​ម៉ោង ២២​និង​00 នាទី ថ្ងៃទី​២៨ ដល់ ម៉ោង ៦ និង​៣០ នាទី ព្រឹក​ក្នុង​ថ្ងៃទី​២៩ ខែធ្នូ ២០១៨ ដោយសារ​ម្ចាស់​រថយន្ត​បើកបរ​ល្បឿន លឿន ខ្វះ​ការប្រុងប្រយ័ត្ន បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​។

សាកសព​ត្រូវបាន បង ប្អូន សាច់ញាតិ​យកទៅ​វត្ត​បឹង​ត្រកួន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ សុផល​