ខេត្តក្រចេះ ៖ ប្រធានមន្ទីរព័ត៍មានខេត្តក្រចេះ អ្នកស្រី ណៃ ធីតា បានអំពាវនាវឱ្យអ្នកកាសែតទាំងអស់ ដែលមានវត្តមាននៅក្នុងខេត្តក្រចេះ ដែលគេដឹងថា មានមិនតិចពីជាង ៥០០ស្ថាប័នអង្គភាព ដែលកំពុងធ្វើសកម្មភាពនៅក្នុងខេត្ត ត្រូវមកបង្ហាញខ្លួន និងចុះបញ្ជីឈ្មោះអង្គភាពឱ្យបានត្រឹមត្រូវនៅមន្ទីរព័ត៍មានខេត្ត ជាចាំបាច់។ អ្នកស្រី ណៃ ធីតា បានអះអាងថា ប្រសិនបើអ្នកកាសែតទាំងនោះមិនអនុវត្តតាមការណែនាំទេនោះ នឹងត្រូវបានចាត់ទុកថា សកម្មភាពរបស់អ្នកកាសែតទាំងនោះ ជាសកម្មភាពខុសច្បាប់ និងស្នើឱ្យអាជ្ញាធរមានវិធានការតាមផ្លូវច្បាប់។
លោកស្រី បានបញ្ជាក់ថា នៅឆ្នាំ២០១៩ នេះ មន្ទីរនឹងស្រង់ទិន្នន័យលើចំនួនអ្នកកាសែតឱ្យបានច្បាស់លាស់ ដោយប្រើភ្នាក់ងារតាមបណ្តាស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រងតួលេខ និងតាមដានមើលសកម្មភាពរបស់អ្នកកាសែត ហើយបើរកឃើញពីភាពមិនប្រក្រតី នោះមន្ទីរ និងបញ្ជូនឈ្មោះអ្នកកាសែត និងអង្គភាពរបស់ពួកគេទៅក្រសួងដើម្បីមានវិធានការ។
ទាក់ទិននឹងការកំហិតឲ្យអ្នកកាសែតចូលខ្លួនទៅចុះបញ្ជីឈ្មោះនេះដែរ មានអ្នកកាសែតមួយចំនួនបានលើកឡើងថា គ្រប់ស្ថាប័នព័ត៌មាន ត្រូវបានអនុញ្ញាតច្បាប់ដោយក្រសួងព័ត៌មាន ហើយបើសិនជាចង់ដឹងថាតើ អង្គភាពសារព័ត៌មានណាមួយស្របច្បាប់ ឬមិនស្របច្បាប់ មន្ទីរពត៌មានគ្រប់ខេត្ត.ក្រុង គួរសាកសួរស្រាវជ្រាវតាមខ្សែបណ្តោយរបស់ខ្លួន គឺក្រសួងព័ត៌មាន។ តែយ៉ាងណាក៏ដោយ ភ្នាក់ងារព័ត៌មាន ត្រូវបង្ហាញបណ្ណសម្គាល់ខ្លួន ដែលចេញដោយអង្គភាពសារព័ត៌មានដែលខ្លួនធ្វើការ ទៅដល់ស្ថាប័ន ឬអង្គភាពរដ្ឋ និង ឯកជន នៅគ្រប់ពេលចុះបំពេញភារកិច្ចយកព័ត៌មាន។
ប្រភពដដែលនេះ បន្តថា ក្នុងករណីដែលភ្នាក់ងារព័ត៌មានធ្វើសកម្មភាពផ្ទុយពីភារកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មាន ឬប្រព្រឹត្តបទល្មើសណាមួយ នោះគេនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន ដោយគ្មានស្ថាប័នណាទទួលខុសត្រូវជំនួសបុគ្គលនោះឡើយ៕