កណ្តាល ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ដីមាត់ច្រាំងទន្លេនៅចំណុចប្រាសាទបក្សីចាំក្រុង វត្តកែវមណីជោតិ ហៅវត្ត រកាកោងក្រៅ ដែលស្ថិតនៅភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានបាក់ធ្លាក់ចុះចូលទៅក្នុងទឹកទន្លេ តែមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ក្នុងហេតុការណ៍ទេ។
ពលរដ្ឋនៅតំបន់នោះ បានប្រាប់ថា មានការបាក់ច្រាំងទន្លេ ហើយបានបាក់ខ្លោងទ្វារនៅមុខព្រះវិហារ និងមានការបាក់ធ្លាក់ផ្ទះប្រជាពលរដ្ឋ អស់មួយខ្នង ហើយមកដល់នៅព្រឹកថ្ងៃទី១ ខែ មករា នេះ បានបន្តបាក់ចូលមកជិតដល់ក្លោងទ្វារវត្តកែវមណីជោតិ ដែលបានធ្វើឱ្យប្រាសាទបក្សីចាំក្រុង នៅខាងមុខក្លោងទ្វារវត្ត បានបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ។
ជាមួយគ្នានេះ គ្រឹះនៃបង្គោលដងទង់ជាតិដ៏ខ្ពស់នៅក្បែរនោះ មានកម្ពស់រហូតដល់៥៣ម៉ែត្រ បានហើបប៉ើងអាចនឹងរលំធ្លាក់ចូលទៅក្នុងទឹកទន្លេទៀត។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់កំពុងតែមានការព្រួយបារម្មណ៍ខ្លាំងណាស់ ចំពោះផ្ទះរបស់ពួកគាត់ដែលនៅក្បែរៗនោះមិនដឹងថា យប់នេះអាចនឹងបាក់ធ្លាក់ដល់ចំណុចណាទៀតនោះទេ បើគ្រាន់តែមួយយប់ បានបាក់អស់យ៉ាងច្រើនដូចនេះ ហើយផ្ទះរបស់ពលរដ្ឋមួយចំនួន ដែលនៅក្បែរនោះបានចាប់ផ្តើមរើរបស់របរជាបន្តបន្ទាប់ហើយ៕