ខេត្តត្បូងឃ្មុំ ៖ សង្វៀនបញ្ជល់មាន់អមដោយវង់អាប៉ោង បានលេងចាក់ភ្នាល់លុយរាប់រយពាន់ដុល្លារ បានដំណើរការយ៉ាងរលូន ដោយមិនឃើញសមត្ថកិច្ចណាបង្ក្រាបឡើយ មិនតែប៉ុណ្ណោះ អ្នកមើលការខុសត្រូវ ដែលដង្ខៅល្បែងផ្តល់រហស្សនាមក្នុងឋានៈជា « អ្នកសម្របសម្រួល » មានឫកពារក្រអើតក្រទម ចេញមុខមកអួតអាង ច្រង៉េងច្រង៉ាង មិនខ្លាចអ្វីឡើយ។
សង្វៀនបញ្ជល់មាន់ខាងលើនេះ ស្ថិតនៅចំណុចដើមពោធិ ភូមិអន្លង់ពោង ឃុំទន្លេបិត ស្រុកត្បូងឃ្នុំ ខេត្តត្បូងឃ្មុំ ដែលមានអ្នកមើលការខុសត្រូវ ឈ្មោះ ណាន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មានទីលំនៅភូមិទន្លេបិត ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នេះ អ្នកយកសារព័ត៌មាន មេគង្គប៉ុស្តិ៍ បានចុះយកពត៍មាននៅចំណុចខាងលើ ឃើញការបញ្ជល់មាន់ និងលេងអាប៉ោងដាក់លុយស៊ីសងរាប់រយពាន់ដុល្លារ អមដោយអ្នកញៀនល្បែងយ៉ាងច្រើនកុះករ បានប្រព្រឹត្តិទៅយ៉ាងគគ្រឹកគគ្រេង។ ឃើញស្ថានភាពបែបនេះ ក៏បានរាយការណ៍តាមរយៈទូរស័ព្ទ ទៅលោក សួស សា៑ងលី អធិការនគរបាល ស្រុកត្បូងឃ្មុំ ហើយត្រូវបាន លោកអធិការទទួល និងឆ្លើយតបវិញថា « …ចាំលោកអោយកូនចៅទៅមើល …) តែចាំបាត់ៗ មិនឃើញ មានសមត្ថកិច្ចណាម្នាក់មកអើតមើលសោះ។ ចាំយូរពេក ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ បានព្យាយាមទូរស័ព្ទសម្ភាសន៍លោកអធិការ សួស សា៑ងលី ម្តងទៀត តែពេលទូរស័ព្ទចូលម្តងនេះ មិនមានអ្នកទទួលឡើយ ឬមួយលោកអធិការមានចេតនាមិនចង់បង្ក្រាបបទល្មើសនេះក៏មិនដឹង ព្រោះទូរស័ព្ទក៏លោកលែងទទួល និងកម្លាំងរបស់លោកក៏មិនឃើញចុះមកបង្ក្រាបសង្វៀនល្បែងដ៏ធំមួយនេះទៀត។
ការធ្វើព្រងើយកន្តើយបែបនេះ ត្រូវបានប្រជាពលរដ្ឋដែលដឹងរឿងរ៉ាវនេះ បាននិយាយ ដោយដាក់ការសង្ស័យថា លោកអធិការត្រូវថ្នាំសណ្តំរបស់ដង្ខៅល្បែងបញ្ជល់មានខាងលើនេះ ទើបបិតភ្នែកបិតត្រជៀក ធ្វើមិនដឹងមិនឮបែបនេះ ឬក៏មានភាគហ៊ុនទេដឹង ? ។
បុរសចំណាស់ម្នាក់ ដែលអះអាថា ជាពលរដ្ឋរស់នៅទីនោះយូរឆ្នាំមកហើយ បានប្រាប់អ្នកសារពត៍មានថា សព្វថ្ងៃនេះ អស់ទំនុកចិត្តលើលោកអធិការហើយ ដូច្នេះ សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជៀម សុភណ្ឌ័ អភិបាលខេត្តត្បូងឃ្មុំ ជួយអន្តរាគមន៍ និងចំណាត់ការរឿងនេះផង បើបណ្តោយឲ្យមានករណីល្បែងស៊ីសងកើយឡើងក្នុងស្រុកភូមិយ៉ាងអនាធិតេយ្យបែបនេះ វានឹងជះឥទ្ធិពលផ្នែកអសន្តិសុខលើការរស់នៅរបស់ប្រជាពលរដ្ឋជាក់ជាមិនខានឡើយ៕