ភ្នំពេញ ៖ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវស្នើឲ្យកម្មករកុំមានការបារម្ភទាក់ទងនឹងអត្ថប្រយោជន៍របស់កម្មករអំឡុងពេលនៃការទូទាត់ប្រាក់បំណាច់ ប្រាក់អតីតភាព និងជំរុញឲ្យកម្មករចៀសវាងការចាញ់បោក ការញុះញង់របស់ក្រុមមនុស្សមួយចំនួន ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា កម្មករនិយោជិតមានកិច្ចសន្យារយៈពេលវែង នឹងទទួលបានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ២ ដងក្នុង ១ឆ្នាំគឺ ក្នុងខែមិថុនា និងខែធ្នូដោយនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីខែមិថុនាឆ្នាំ ២០១៩ តទៅ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ចំពោះការទូទាត់បើករំឭកប្រាក់បំណាច់អតីតភាពការងាររបស់កម្មករនិយោជិត ដែលមានមុនឆ្នាំ ២០១៩ ក្រសួងកំពុងធ្វើការពិភាក្សាជាមួយវិស័យឯកជន ដើម្បីកំណត់កាលវិភាគជាក់លាក់មួយក្នុងការតម្រូវឲ្យសហគ្រាស គ្រឹះស្ថានអនុវត្តកាតព្វកិច្ចបើករំឭកប្រាក់បំណាច់អតីតភាពការងារ ។
ទន្ទឹមនោះក្នុងអំឡុងពេលនៃការទូទាត់បើករំឭកប្រាក់បំណាច់អតីតភាពការងារនេះក្រសួងសូមធានាចំពោះអត្ថប្រយោជន៍ស្របច្បាប់នានាដែលបងប្អូនកម្មករនិយោជិតមានហើយដែលសហគ្រាស គ្រឹះស្ថានក្ស័យធន ឬបិទទ្វារណាមួយមិនទាន់បានទូទាត់ជូនបងប្អូនកម្មករនិយោជិត។
ប៉ុន្តែក្រសួងក៏បានអំពាវនាវដល់បងប្អូនកម្មករកុំឲ្យចាញ់បោកជនខិលខូចមួយចំនួនដែលមានបំណងញុះញង់ បង្កអស្ថិរភាពក្នុងសហគ្រាសដែលអាចបំផ្លាញការងារបាន៕