ភ្នំពេញ ៖ ក្រសួងបរិស្ថានបានសម្រេចបង្កើនតំបន់ការពារធម្មជាតិពី ២៣ តំបន់ដល់ចំនួន ៥៤ តំបន់ធ្វើឲ្យផ្ទៃដីតំបន់ការពារធម្មជាតិទូទាំងប្រទេសសរុបប្រមាណជាង ៧,៥ លានហិកតា ឬស្មើនឹង ៤១ភាគរយ នៃផ្ទៃដីប្រទេសទាំងមូល ។
តាមខ្សែវីដេអូរដែលក្រសួងបរិស្ថានបង្ហាញនៅក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះកាលពីពេលកន្លងទៅបានបញ្ជាក់ថា រយៈពេលជាង ២០ ឆ្នាំមកនេះវិស័យបរិស្ថានបានរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការចូលរួមពីភាគីពាក់ព័ន្ធមនុស្សគ្រប់ស្រទាប់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងការថែរក្សាបរិស្ថានបានល្អប្រសើរ។
តាមរយៈគោលនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ១៩៩៨ មកបានជំរុញឲ្យវិស័យបរិស្ថានត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាបញ្ហារួម ហើយត្រូវបានយកចិត្ដទុកដាក់ និងចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព៕