ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋប្រមាណ១៥០នាក់ រស់នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នាជិះរថយន្ត៣គ្រឿងចេញពីផ្ទះមកតុលាការខេត្តកំពង់ចាម ដើម្បីតវ៉ាសូមអោយតុលារជួយអន្តរាគមន៍ និងបដិសេធការលក់ដីទំនប់មេទឹកកណ្តៀងដែលមានជន ខិលខូចឃុបឃិតគ្នាលក់ អោយឈ្មួញមិន ស្គាល់អត្តសញ្ញាណ។
ការជួបជុំតវ៉ានេះចាប់ផ្តើមតាំងពីម៉ោង១១ថ្ងៃទី៣ខែខមករាឆ្នាំ ២០១៩ នៅមុខសាលាដំបូងខេត្តកំពង់ចាម។ លោក យន់ សារឹម ជាប្រជាពលរដ្ឋ នៅភូមិអកទៀងបានអោយដឹងថា ពួកគាត់មានគ្នាប្រមាណ១៥០នាក់ តំណាងអោយបងប្អូនចំនួន ៤៥០ គ្រួសារនៅភូមិ ឃុំខាងលើ បានមកធ្វើការតវ៉ា សុំអោយ តុលាការខេត្តកំពង់ចាម បញ្ឈប់ការលក់ដីនៅតំបន់មេទឹកកណ្តៀងមានទំហុំ៤០ហិចតា ដែលមានជនខិខូចចំនួន៣នាក់មាន ១. ឈ្មោះ គឹម លី ភេទប្រុស អាយុ៥១ឆ្នាំ ២. គឹម លាវ ភេទប្រុស អាយុ៤៨ឆ្នាំ ។ អ្នកទាំ២ នាក់នេះជាបងប្អូន មានទីលំនៅ ភូមិអក ទៀង និងជនទី៣ ឈ្មោះ លឿង ម៉ាលី ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាំងគោគ ឃុំតាំងក្រាំងស្រុកបាធាយ ខេត្តកកំពង់ចាម។
លោក យន់ សារឹម , លោក ហេងសុគា និងលោក វឿន ថុល ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀត ដែលមកធ្វើការតវ៉ានៅមុខសាលាដំបូង ខេត្តកំពង់ចាម បានផ្តល់បទសម្ភាសន៍ មានន័យប្រហាក់ប្រហែលគ្នាថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានឈ្មោះ គឹម លី ឈ្មោះ គឹម លាវ និងឈ្មោះ លឿង ម៉ាលី បានហៅប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ មកប្រគល់ប្រាក់ ក្នុងមួយគ្រួសារទទួលបានចំនួន៤០០ដុល្លារ អាមេរិក ជាប្រាក់ថ្លៃលក់ដីតំបន់ទំនប់មេទឹកប្រាំងកណ្តៀង ។
ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា ទំនប់ទឹកដែលគេលក់នេះ ជារបស់សហគមន៍ សំរាប់បងប្អូនប្រជាពលរដ្ឋក្នុងភូមិអកទៀក យកទឹកប្រើប្រាស់អាស្រ័យផល ដាក់ទឹកស្រែប្រាំង ប៉ុន្តែបើគេលក់់ ហើយមានគេឈូសឆាយទំនប់អស់ទឹកខានធ្វើស្រែប្រាំង តើពួកគាត់រំពឹងអីទៀត ។
ដោយយល់ឃើញគ្រោះមហន្តរាយដល់របរកសិកម្មបែបនេះ ទើបពួកគាត់នាំគ្នាមកតវ៉ាមិនទទួលស្គាល់ការលក់ដូរខុសច្បាប់បែបនេះឡើយ។
គេពុំទាន់ដឹងថា ខាងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម មានចំណាត់ការបែបណា លើជនសង្សយ័ទាំង ៣នាក់មានឈ្មោះខាងលើនៅឡើយទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ ថា បានយកដីរដ្ឋលក់ ព្រោះទំនងជាត្រូវសាកសួរ និងស្រាវជ្រាវយូរពេលបន្ថែមទៀត៕ ដោយ ៖ សុផល