សេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន២ត្រូវបានរដ្ឋសភាសម្រេចអនុម័ត
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី០៣ មករានេះ បានបើកសម័យប្រជុំ ដើម្បីពិនិត្យអនុម័តលើសេចក្តីស្នើច្បាប់ចំនួនពីរ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការបង្កើនសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ក្រោមវត្តមានដឹកនាំ ដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន ១០៨ រូប។
ច្បាប់ចំនួនពីរ ដែលត្រូវរដ្ឋសភាបើកសម័យប្រជុំអនុម័តរួមមាន៖ ទី១៖ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរាជរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទី២៖ សេចក្តីស្នើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕