ម្សិលមិញ ចាប់យានយន្ដល្មើសច្បាប់ ៧៧១គ្រឿង និងពិន័យ ៤៣៦គ្រឿង
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដ នៅទូទាំងប្រទេសចំនួន៦,១០៤គ្រឿង រកឃើញល្មើសច្បាប់ ៧៧១គ្រឿង (ម៉ូតូ៧៦%) អប់រំ២៧៥ គ្រឿង និងផាកពិន័យ ៤៣៦គ្រឿង។
តាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួកសុវត្ថិភាព និងកញ្ចក់នៅថ្ងៃទី៣ ខែមករា នេះ ត្រួតពិនិត្យ រួមបានចំនួន ៣,១១០គ្រឿង, អប់រំ ១៣៣គ្រឿង និងផាកពិន័យ ៤២១គ្រឿង។
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នេះ នគរបាលបាន ត្រួតពិនិត្យយានយន្តចំនួន ១៣,២៥០គ្រឿង រកឃើញយានយន្តល្មើស ១,៧៦០គ្រឿង (ម៉ូតូ ៧៧% ) ក្នុងនោះអប់រំ៦៤៥គ្រឿង និងផាកពិន័យ១,១១៥គ្រឿង៕