រថយន្តបុកបន្ត​គ្នា​នៅ​ពេជ្រនិល ស្លាប់​ម្នាក់ របួស​៨​នាក់ និង​ខូច​រថយន្ត​២០​គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2019 ក+ ក-

​កំពង់ស្ពឺ ៖ មនុស្សម្នា​ក់បាន​ស្លាប់ និង​៨​នាក់​ទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍ ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​រវាង​រថយន្ដ​ដឹក​ថ្ម និង​រថយន្ដ​ធុន​តូចធំ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ជិត​ជ្រោះ​ពេជ្រនិល ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នា​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​នេះ បណ្ដាលមកពី​រថយន្ដ​ដឹក​ថ្ម (​មិនមែន​រថយន្ត​កុងតឺន័រ​) ដាច់​ហ្វ្រាំង​ពេល​កំពុង​ចុះ​ចំណោទ ហើយ​ជ្រុល​ទៅបុក​រះ​រថយន្ដ ២០​គ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​គរ​បាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​៣ មករា នេះ​ថា បញ្ហា​កកស្ទះ​ចរាចរណ៍​ត្រូវបាន​ដោះស្រាយ និង​អាចធ្វើ​ដំណើរ​បាន ទៅជា​ធម្មតា​ហើយ ក្រោយពី​កម្លាំង​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​សម្រួល​នៅ​ទីនោះ​។ យ៉ាងណាក៏ដោយ លោកស្នងការ មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នករងគ្រោះ​ទាំងអស់ រួមទាំងរ​ថយ​នុ្ត​ធុន​ធំ​ដឹក​ថ្ម​ដែល​បង្ក​គ្រើ​ថ្នាក់​នោះ​នៅឡើយ​ទេ​៕