អំបិល​ដែល​នាំចូល​ពី​ចិន ប្រឈម​នឹង​ការផាកពិន័យ និង​បង្ខំចិត្ត​ត្រូវ​លក់​តម្លៃថោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2019 ក+ ក-

​ភ្នំពេញ ៖ សហប្រធាន​សមាគម​ផលិត​អំបិល បាន​ត្អូញត្អែរថា ការនាំ​អំបិល​ពី​ប្រទេស​ចិន ប្រមាណ ១ ម៉ឺន​តោន កំពុង​ប្រឈម​នឹង​ការផាកពិន័យ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។ ករណី​ផាកពិន័យ​នេះ ដោយ​សារបាន​ជាប់គាំង​នៅលើ​កប៉ាល់ នៅក្នុង​កំពង់ផែ លើស​ការកំណត់​មួយ​សប្ដាហ៍ ខណៈ​រក កន្លែង​ស្តុក​មិនទាន់បាន​។

​ប្រឈម​នឹង​ការផាកពិន័យ​បែបនេះ សមាគម​អ្នក​ផលិត​អំបិល​កម្ពុជា បង្ខំចិត្ត​លក់​អំបិល នៅក្នុង​តម្លៃថោក​ជាង​ទីផ្សារ គឺ​១​បាវ​២​ម៉ឺន​រៀល ដើម្បី​រំដោះ​អំបិល​ដែល​កកស្ទះ​ដ៏​ច្រើនសន្ធឹក និង​ដោយសារតែ​គ្មាន​ជម្រើស​ព្រោះ​តម្លៃ​នៃ​ការផាកពិន័យ​មានតម្លៃ​ខ្ពស់ គឺ​ក្នុង​មួយ​កុងតឺន័រ​ត្រូវ​ពិន័យ​២៤០០០​រៀល ដោយ​បង់​ទៅ​ក្រុមហ៊ុន​ចិន ខណៈ​កំពង់ផែ​របស់​ខ្មែរ​ត្រូវ​បង់ថ្លៃ​ពិន័យ​ដូចគ្នា​ចំនួន ១២០០០​រៀល​។

​សូម​រំឭកថា វិបត្តិ​អំបិល​នៅ​កម្ពុជា​ផ្ដើមចេញពី​កត្តា​អាកាសធាតុ​ធ្វើ​ឲ្យ​ការផលិត​អំបិល​មិន​ទទួលបាន​ផល​គ្រប់គ្រាន់​កាលពី​ឆ្នាំ​២០០៨ ហើយ​ជា​ដំណោះស្រាយ​សមាគម ក៏បាន​សម្រេចចិត្ត​នាំ​អំបិល​ពី​ប្រទេស​ចិន នាពេលនេះ​៕