ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០១៩អាជ្ញាធរស្រុកជាំក្សាន្តខេត្តព្រះវិហារលោកជាគឹមសេងបានបានថ្លែងថាទំនិញរបស់ថៃត្រូវហាមឃាត់មិនឱ្យនាំចូលមកលក់នៅកម្ពុជាដូចបើភាគីថៃនៅតែមិនឱ្យនាំចូលទំនិញពីកម្ពុជាទៅថៃនោះ។
លោកជាគឹមសេងបានបន្តថាបើសិនជាសមត្ថកិច្ចថៃប្រចាំច្រកតំបន់អានសេះនៅតែបន្តហាមមិនឱ្យអាជីវករខ្មែរនាំយកមុខទំនិញចំនួន២៣ប្រភេទចូលទៅលក់ក្នុងផ្សារថៃទៀតនោះខាងភាគីកម្ពុជាក៏ដាច់ខាតហាមឃាត់ទំនិញជាច្រើនមុខរបស់ថៃ ចូលមកកម្ពុជាផងដែរ។
លោកជាគឹមសេងបានឱ្យដឹងយ៉ាងដូចនេះថាដើម្បីជាការឆ្លើយតបចំពោះភាគីថៃដែលមិនឱ្យកម្ពុជានាំចូលនូវទំនិញ២៣មុខរួមមាន៖ល្ពៅខ្ទឹមសរខ្ទឹមក្រហមជ្រុញអង្រែត្បាល់ចន្លុសនិងផ្សេងៗទៀតនោះចូលទៅលក់នៅទឹកដីរបស់ខ្លួន។លោកបានបញ្ជាក់ថា«បើថៃធ្វើបែបនេះយើងក៏បានធ្វើការហាមឃាត់ទំនិញនាំចូលពីថៃដូចជា៖មាន់ទាជើងមាន់ផ្លែដូងផ្លែឈើគ្រប់ប្រភេទបន្លែគ្រប់មុខដូចគ្នារហូតមានការចរចាទើបអាចនាំចូលបានដូចធម្មតា»។
អភិបាលស្រុកបានបញ្ជាក់ទៀតថាមូលហេតុឈានដល់ការបិទទំនិញមិនឱ្យចូលកម្ពុជាគឺផ្តើមចេញដោយភាគីថៃបិទមិនឱ្យអាជីវការខ្មែរយើងនាំមើមខ្ទឹមចូលទៅលក់ក្នុងផ្សារថៃ។បើទោះបីជាភាគីកម្ពុជា សុំជួបចរចារជាច្រើនលើកក៏ដោយ ភាគីថៃ តែងពន្យាពេលជួបចរចារហូត។
ក្នុងនាមរដ្ឋបាលស្រុកជាំក្សាន្តនិងក្រោយទទួលបញ្ជាពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោកបានដឹកនាំកិច្ចប្រជុំមួយដោយមានការចូលរួមពីសមត្ថកិច្ចពាក់ពន្ធ័និងបានដាក់ចេញនូវបទបញ្ជា។
ដោយហាមឃាត់ទំនិញដែលនាំចូលដោយភាគីថៃដូចជា៖មាន់ទាជើងមាន់ផ្លែដូងផ្លែឈើកគ្រប់ប្រភេទបន្លែគ្រប់មុខចូលមកកម្ពុជា។លុះត្រាណាមានការចរចានាំចេញនាំចូលដូចគ្នា។តែយ៉ាងណានោះ លោកបញ្ជាក់ទៀតថា «ចំពោះបញ្ហាច្រក គឺអត់មានបិទនោះទេ»៕ ដោយ ៖ សារ៉េត