ភ្នំពេញ ៖ បឹងតាមោកស្ថិតក្នុងសង្កាត់ព្រែកព្នៅ ចំនួន២០ ហិកតា ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។ ជាពិសេសកន្លែងចែកចាយបន្លែនៅផ្សារដើមគរនឹងត្រូវដូរមកទីតាំងថ្មីនេះដែរ។ នេះបើយោងលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជា។
ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតដោយគូសបញ្ជាក់ថា ការសម្រេចបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងចំណតរថយន្តនៅបឹងតាមោកនេះ ទទួលបានចំណារពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។ ថ្ងៃទី០២ សីហា ឆ្នាំ២០១៨ ទើបទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើសំណើមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំដីនៅបឹងតាមោកចំនួន ២០ហិកតា ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។ ប៉ុន្តែលិខិតនេះ ទើបនឹងបែកធ្លាយ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ។
ជាការកត់សម្គាល់ កន្លងមកនៅក្នុងវេទិកាជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ថ្ងៃទី២២ សីហាឆ្នាំ២០១៧ តារាចម្រៀង ដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា គឺកញ្ញាមាស សុខសោភា ធ្លាប់បានស្នើសុំដោយផ្ទាល់ដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កុំឲ្យលុបបឹងតាមោកនេះ។ ការស្នើនេះ ក៏ត្រូវបានលោកហ៊ុន សែន បញ្ជាក់ថា បឹងតាមោក មិនមែនគ្រាន់តែត្រូវការពារទេ តែត្រូវជីកយកជម្រៅ ដើម្បីបង្កើនធារទឹកថែមទៀតផង។
គួររំលឹកជូនថា បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ឆ្នាំ២០១៦ បឹងតាមោក ឬបឹងកប់ស្រូវនេះ មានផ្ទៃ ៣២៣៩ ហិចតាជាបឹងធម្មជាតិដ៏ធំមួយដែល មានទីតាំងឋិតនៅក្នុងខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ។ បឹងនេះ ជាបឹងធម្មជាតិ ហើយក៏ជាអាងស្តុកទឹកធំបំផុតនៃរាជធានីភ្នំពេញ ខណៈ បច្ចុប្បន្នបឹងមួយចំនួនត្រូវបានអភិវឌ្ឍទៅជាទីក្រុងរណប អស់ហើយ។
តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន អះអាថា មូលហេតុដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន យល់ព្រមឲ្យយកចំណែកខ្លះ នៃបឹងតាមោក សម្រាប់សាងសង់ផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងធ្វើចំណតរថយន្ត គឺដោយសារផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ នៅផ្សារដើមគបច្ចុប្បន្ន មានសភាពចង្អៀត ធ្វើឲ្យកកស្ទះចរាចរណ៍៕