ភ្នំពេញ ៖ សន្និសីទសារព័ត៌មានមួយ ស្តីពីការរៀបចំផ្សារបន្លែ ផ្លែឈើបោះដុំ និងចំណតរថយន្តនៅតំបន់បឹងតាមោក ត្រូវបានដោយរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា នេះ ដោយពន្យល់ថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានគម្រោងរុះរើផ្សារដើមគ ផ្លាស់ប្តូរទៅទីតាំងថ្មីណាមួយឡើយ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអាជីវករផ្សារដើមគ រក្សាភាពស្ងប់ស្ងាត់ ប្រកបរបរទទួលទានជាធម្មតា និង ផ្តល់ជំនឿទុកចិត្តមកលើអាជ្ញាធរ ដែលយកចិត្តទុកដាក់ ចំពោះជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ នៅតាមទីរួមផ្សារនានា ក្នុងរាជធានីភ្នំពេញ។
លោកអភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានគម្រោងរុះរើផ្សារដើមគ ឬតម្រូវឱ្យអាជីវករកំពុងលក់ដូរ ប្តូរទៅទីតាំងថ្មីណាមួយឡើយ។ លោកពន្យល់ថា គម្រោងសាងសង់ផ្សារនៅ«បឹងតាមោក» គឺសាងសង់ជាផ្សារ ផ្គត់ផ្គង់បន្លែ ផ្លែឈើ និង ជាចំណតរថយន្តប៉ុណ្ណោះ ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម ក៏ដូចជាកាត់បន្ថយ និង ឈានដល់ការលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ និង អនាម័យតាមដងផ្លូវ។
គួរជម្រាបថា យោងលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជា បានសម្រេចយកដីបឹងតាមោកស្ថិតក្នុងសង្កាត់ព្រែកព្នៅ ចំនួន២០ ហិកតា ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។ ជាពិសេសកន្លែងចែកចាយបន្លែនៅផ្សារដើមគរនឹងត្រូវដូរមកទីតាំងថ្មីនេះដែរ៕