ភ្នំពេញ ៖ សិប្បមកម្មផលិតអំបិល១កន្លែង ក្នុងចំណោមពីរទីតាំង ត្រូវបានបិទអាជីវកម្ម បន្ទាប់ពីសមត្ថកិច្ចជំនាញកាំកុងត្រូល ចុះធ្វើការពិសោធន៍រកឃើញថា គ្មានគុណភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីមន្ទីរពិសោធន៍ លោកអភិបាលរងខណ្ឌព្រែកព្នៅ មន្រ្តីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរពាណិជ្ជម្ម រាជធានីភ្នំពេញ បានចុះពិនិត្យសិប្បកម្ម ផលិតអំបិលអ៊ីយ៉ូត ចំនួន២ ទីតាំង ដូចជា ៖
ទីតាំងទី១/. សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យ និងពិសោធន៍ឃើញមាន ៖ អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ៩០ PPM (លើសអ៊ីយ៉ូត) និងអំបិលគ្រោះគ្មានជាតិអ៊ីយ៉ូត។
ក្រោយពីការត្រួតពិនិត្យឃើញថា សិប្បកម្មនេះពុំមានច្បាប់ត្រឹមត្រូវ និងគ្មានអនាម័យ ត្រូវបានគណៈមន្រ្តីជំនាញសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន និងឱ្យម្ចាស់សិប្បកម្ម បំពេញបែបបទស្នើសុំច្បាប់ អនុញ្ញាត និងរៀបចំសង្វាក់ផលិតកម្ម ឱ្យមានអនាម័យឱ្យបានល្អ។
ទីតាំងទី២/. សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញមាន ៖ អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ២០ PPM (ខ្វះជាតិអ៊ីយ៉ូត), អំបិលគ្រោះមានជាតិអ៊ីយ៉ូត ៧០ PPM (លើសអ៊ីយ៉ូត)។
ក្រោយពីការត្រួតពិនិត្យ ឃើញថាសិប្បកម្មនេះមានច្បាប់ត្រឹមត្រូវ ហើយបានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មឱ្យផលិតប្រកបដោយអនាម័យ និងឱ្យដំណើរការធម្មតា ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕