សៀមរាប ៖ សមាជិកក្រុមប្រឹក្សាវប្បធម៌អាស៊ីនឹងមកជួបប្រជុំគ្នានៅក្រុងសៀមរាបនៅថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០១៩ ដោយមានជាង ១០ប្រទេសចូលរួម និងមានជិកសរុបជាង ៣០០នាក់។ នេះ បើតាមការ បញ្ជាក់ពីគណៈកម្មការផ្សព្វផ្សាយ និងព័ត៍មាន ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹក ថ្ងៃទី៤ មករានេះ។
ក្នុងឱកាសនៃពិធីផ្តល់ព័ត៍មានបឋមដល់អ្នកសារព័ត៍មានកាលពីព្រឹកមិញ លោក ប៉ៃ សំបូរ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៍មាន និង លោក ឯក ថា អនុប្រធានគណៈ កម្មការឲ្យ ដឹង ថា កម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ីបានអញ្ជើញបណ្តា ប្រទេសនានាដែល ជាសមាជិកឲ្យមកចូលរួមនៅក្នុងកិច្ចប្រជុំនៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ហើយ អាចមានប្រទេសជាង ១០នឹងមកចូលរួមក្នុងកិច្ចប្រជុំនេះដែល នឹងមានសមាជិកសរុបជាង ៣០០ នាក់។
លោកថា កិច្ចប្រជុំនេះបានផ្តោតទៅលើបញ្ហាវប្ប ធម៌ ខណៈដែលកម្ពុជាបានជាប់ឈ្មោះ ជាមហាអំណាចខាងវប្បធម៌នៅអាស៊ី ដែលមាន ប្រសាទបុរាណជាង ១ពាន់ប្រាសាទ និងមួយ ចំនួន បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករួចទៅហើយ។
ក្រៅពីនេះកម្ពុជាក៏មានសម្បត្តិវប្បធម៌ទាំងរូបិយ និងអរូបិយ ជាច្រើនទៀត ដែលជាហេតុនាំឲ្យ កម្ពុជា ក្លាយទៅជាមហាអំណាចខាងផ្នែកវប្បធម៌នៅអាស៊ី។
លោកថា ឲ្យដឹងថា សមាជិកក្រុមប្រឹក្សាវប្បធម៌អាស៊ី គឺជាសមាជិកនៃសន្និសីទ អន្តរជាតិ នៃ បណ្តាគណបក្សនយោបាយនៅអាស៊ី ដែលមាន ៥២ប្រទេស ហើយក្រុមប្រឹក្សា វប្បធម៌អាស៊ី នេះ ពេលនេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាដៃគូសហ ប្រតិបត្តិការ តាមរយៈ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ដែលមាន សមាជិកចំនួន ៣៥២គណ បក្ស រួមទាំងគណបក្សកំពុងកាន់អំណាច និងគណបក្សប្រឆាំង មកពី ៥២ប្រទេសនៅអាស៊ី។
សូមជម្រាបជូនថា ក្រុមប្រឹក្សាវប្បធម៌អាស៊ីត្រូវបានបង្កើតឡើងក្នុងគោលបំណងលើក កម្ពស់ ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមបណ្តាប្រទេសជា សមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាពសម្បូរបែប លើកកម្ពស់សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍប្រកប ដោយចីរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្សារភា្ជប់អារ្យធម៌ និងកសាងទ្វីបអាស៊ីមួយ ប្រកបដោយសុខុដុម៕