ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បានសេចក្ដីសេចក្ដីជូន ដំណឹង ស្ដីពីការបញ្ចៀសចរាចរណ៍ក្នុងអំឡុងពេលប្រារព្ធ បុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩ ស្ថិតនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។
សេចក្ដីជូនដំណឹងដដែលឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរណ៍ ជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ព្រឹក រហូតដល់កម្មវិធីនៃទិវានេះ ត្រូវបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ យោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តតាមការជូនដំណឹងខាងលើ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។
សូមជម្រាបថា បុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ២០១៩ នឹងមានអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់ មកពីអ្នកពាក់ព័ន្ធគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់ទិសទី៕