ភ្នំពេញ ៖ អ្នកស្រី ហូវ ដាណេ ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងស្ត្រីម្នាក់ទៀត ដែលជាគ្រូពេទ្យផ្នែកវះកាត់កែសម្ភស្ស ប្រចាំគ្លីនិកដែលមានទីតាំងក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ លោក ម៉ុង មុនីសោភា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកទាំង២ ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នេះ។ នេះបើតាមបញ្ជាក់ឲ្យដឹងពី លោក តាំង ស៊ុនឡាយ ប្រធានសាលា ដំបូងរាជធានីភ្នំពេញ ។
បើតាមមន្ដ្រីជាន់ខ្ពស់ប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងគ្រូពេទ្យខាងលើនេះ ត្រូវបញ្ជូនទៅពន្ធនាគារ PJ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៩ នេះតែម្ដង។
សូមជម្រាបថា ស្ត្រីថៅកែហាងកែសម្ផស្ស«ឌែម៉ូគ្លីនិក»អ្នកស្រី ហូវ ដាណេ និងស្ត្រីម្នាក់ទៀតឈ្មោះ ពៅ ស៊ីណាត ដែលជាគ្រូពេទ្យផ្នែកវះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិក នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៩ ត្រូវ បាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុនីរ័ត្ន សម្រេច ចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍ បទកំហែងយក និងបទប៉ះពាល់សិទ្ធិខាងរូបភាព នៃ បុគ្គល» រួចបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
បើតាមរបាយការណ៍ បានឲ្យដឹងថា ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជា ស្ត្រីមេម៉ាយកូន២ ទើបតែចូលរោងការជាថ្មី ជាមួយសេដ្ឋីថៃ វ័យក្មេងម្នាក់ឈ្មោះ Thammarat Thurathong នៅក្នុងវីឡាដ៍ស្កឹមស្កៃមួយ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បាន ចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ដែលទើបរៀបការបានពីរថ្ងៃ ពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ពីអតិថិជន ដែលបាន ចូលទៅទទួលសេវាកែសម្ផស្ស។ ការដាក់ពាក្យបណ្ដឹងនេះបន្ទាប់ពីជនរងគ្រោះ បានចូលទៅកែ សម្ផស្សនៅក្នុងគ្លីនិកខាងលើ ហើយត្រូវបានម្ចាស់គ្លីនិករៀបចំបង្កប់កាមេរ៉ា ថតសកម្មភាពកែ សម្ផស្ស ដែលក្នុងនោះរួមមាន ទាំងការកែរកេរភេទផងដែរ៕