ប៉ោយប៉ែត ៖ លោក សាំង ណន កំពុងរងការិះគន់ថា បានយកតួនាទីជាមេគមេគយចល័តឈរជើងនៅចំណុចផ្លូវ៥០ភូមិកូនដំរីស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ឃុបឃិគ្នាជាមួយក្រុមឈ្មួញធំៗ ដោយមិនចាត់វិធានការបង្ក្រាបនោះឡើយ ខណៈ ដែលដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមរថយន្តតូច ធំ ជាថ្នូរនឹងប្រាក់សំណូក។ នេះបើតាមការបញ្ជាក់ ពីមន្ត្រីព្រំដែនមួយរូបដោយសុំមិនបញ្ចេញឈ្មោះ។
ប្រភពព័ត៌មាននេះ បានឲ្យដឹងថា នៅពេលឈ្មួញតូចតាចនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់បន្តិចបន្តួច គឺត្រូវលោក សាំង ណន ប្រើអំណាចគាបយកលុយយ៉ាងចាស់ដៃមិនលើកលែងឡើយ។សួម្បីតែក្រុមឈ្មួញដឹកត្រីក្លាសេតាមរថយន្តពីប្រទេថៃចូលមកកម្ពុជាយកទៅធ្វើម្ហូបឬឲ្យក្រពើរស៊ីក៏ក្រុមគយចល័តរបស់លោកសាំងណនសកទាក់ចាប់បង់ប្រាក់ដែរ បច្ចុប្បន្នលោក សាំង ណន កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានវិក្កយបត្រ ឬគល់បញ្ជីសំរាប់បញ្ជាក់ពីចំណូលចូលរដ្ឋនោះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា ទោះបីជាឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីត្រូវបង់ប្រាក់ក្រោមតុ ដែលក្រុមលោកគយហៅថា លុយថ្លៃបាយថ្លៃទឹក សម្រាប់ទុកជូនលោក សាំង ណន ដែរ បើមិនដូច្នេះទេ គឺមិនអាចដឹកឆ្លងកាត់មុខលោកបានដោយងាយនោះឡើយ។
ព័ត៌មានដែលទទួលបានពីភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្នាក់លើកំពុងពិនិត្យ ករណីលោក សាំង ណន ដែលល្បីល្បាញថា កំពុងបង្កើនសកម្មភាពគាបយកលុយពីឈ្មួញយ៉ាងចាស់ដៃតាមរូបភាពផ្សេងៗ ហើយឃុបឃិតឲ្យឈ្មួញធំៗ បើកដៃឲ្យដឹកជញ្ជូនទំនិញគេចពន្ធពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបញ្ជូនទៅតាមបណ្ដាខេត្តផ្សេងៗ ដោយពុំមានវិក្កយបត្រ ឬបិទតែមកំណត់សំគាល់ការបង់ពន្ធជូនរដ្ឋនោះឡើយ ហើយបើទោះជាមានការបង់ពន្ធ ក៏ទំហំទឹកប្រាក់មិនត្រឹមត្រូវតាមចំនួនមុខទំនិញនោះដែរ គឺគេហៅថា បន្លំតម្លៃពន្ធតែម្តង។
ប្រភពនេះបន្ថែមថា ក្រុមមន្ត្រីគយក្រោមឱវាទរបស់លោក សាំង ណន កំពុងបង្កើនភាពអនាធិបតេយ្យ ខណ:ក្រុមឈ្មួញដឹកទំនិញឆ្លងកាត់កុងត្រូលដោយខកខានមិនបានចូលបង់ប្រាក់ គឺលោក សាំង ណន បានបញ្ជាឲ្យកូនចៅបើករថយន្តប្រដេញដូចដេញចាប់ចោរប្រសេចប្រសាច មិនថាយប់ មិនថាថ្ងៃទេ ធ្វើប្រជាពលរដ្ឋ និងក្រុមឈ្មួញ រិះគន់តិះដៀលពេញមាត់ៗថា លោកគយ សាំង ណន ដ៏មហិមា សកម្មនឹងការងារខ្លាំងណាស់ តែមិនមែនយកលុយចូលរដ្ឋទេ គឺចូលហោប៉ៅ។
ប្រភពព័ត៌មានបន្តថា ករណីខ្លះ លោក សាំង ណន បានបញ្ជាឲ្យកូនចៅ រាប់ក្បាលឡានក្រុងដែលដឹកផ្លែឈើចេញពីក្រុងប៉ោយប៉ែត ឆ្លងកាត់ស្នាក់ការគយចល័ត ក្នុងមួយរថយន្តត្រូវបង់ចំនួន ២០ម៉ឺនរៀល។ ចំណែករថយន្តប្រភេទ សាំយ៉ុង ចំនួន១០ម៉ឺនរៀល រីឯរថយន្តម៉ាកកាមរី ពីរ៥ម៉ឺនរៀល ឡើងទៅ។
ប្រភពដដែលបន្តថា បច្ចុប្បន្ននេះ នៅក្រុងប៉ោយប៉ែត មានកុងត្រូលតាមដងផ្លូវជាតិជាច្រើនកន្លែងមាន ដូចជា គយចល័ត នគរបាលសេដ្ឋកិច្ចខេត្ត និងថ្នាក់ក្រសួង ដែលលបដាក់ក្នុងពេលយប់ ហើយបង្ខំទារប្រាក់ក្រៅច្បាប់ពីក្បាលឡានដឹកទំនិញ និងផ្លែឈើយ៉ាងចាស់ដៃ គ្មានស្តាប់ការអង្វរករបស់អាជីវករឡើយ ហើយបើទោះបីជា បានបង់ពន្ធរួចហើយក្តី ក៏ចៀសមិនផុតលោកគយតម្រូវឲ្យបង់លុយក្រោមតុ ជាថ្លៃបាយ ថ្លៃទឺកតែ សម្រាប់ជូនក្រុមគយលោក សាំង ណន ដែរ។
នៅរសៀលថ្ងៃទី៥ ខែមករា នេះ មេគង្គប៉ុស្តិ៍ មិនអាចសុំការពន្យល់ពីលោក សាំង ណន បានទេ ពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះ ។ យ៉ាងណាក៏ដោយ មេគង្គប៉ុស្តិ៍ រង់ចាំការឆ្លើយតបជាវិជ្ជមាននៅរៀងរាល់ម៉ោងធ្វើការ៕