ខេត្តកំពង់ស្ពឺ ៖ រថយន្តចំនួន៥គ្រឿង បើកបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្ស៥នាក់រងរបួស ក្នុងនោះរបួសធ្ងន់៤នាក់ បន្ទាប់ពីរថយន្តធន់ធំដឹកឥដ្ឋបុកចុះចំណោទ លឿនជ្រុលបុករះជាបន្តបន្ទាប់ កាលពីវេលាម៉ោង ២និង១០នាទី រសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៦-១០៧ ចំណុចស្ពានអូរគគីរ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ជាមួយស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ករណីបង្កគ្រោះថ្នាក់ចរាចរណ៍លើកនេះ ផ្តើមចេញពីរថយន្តធុនធំដឹកឥដ្ឋមួយគ្រឿង បើកចុះចំណោទ លឿនជ្រុលទៅបុករះរថយន្តផ្សេងទៀតជាបន្តបន្ទាប់ចំនួន៥គ្រឿង បណ្តាលឲ្យមនុស្ស ៥នាក់រងរបួស។
នេះជាលើកទីពីរហើយ នៅក្នុសប្តាហ៍ទីមួយ នៃខែមករា ដើមឆ្នាំ២០១៩ ខណៈដែល គ្រោះថ្នាក់លើកទីមួយ បានកើតឡើងកាលពីរសៀលថ្ងៃទី៣ ខែមករា បណ្តាលរថយន្តចំនួន ១៧គ្រឿង បុករះបន្តគ្នា៕