មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ចែក​សម្ភារ​កសិកម្ម​ជូ​ន​កសិករ​គំរូ​ដោយ​ឥតគិតថ្លៃ និង​ថវិកា​ម្នាក់​៤០​ម៉ឺន​រៀល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2019 ក+ ក-

​ព្រះវិហារ ៖ សម្ភារ​កសិកម្ម​ជាច្រើន​ប្រភេទ ត្រូវបាន​ចែកជូន​ប្រជាកសិករ​ចំនួន​១០៥​គ្រួសារ នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ លោក រស់ ហេង អភិបាលស្រុក​សង្គម​ថ្មី ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក ពឹង ទ្រី​ដា បាន​ថ្លែងថា ក្នុងទិសដៅ​លើកកម្ពស់​ជីវភាព ប្រជាកសិករ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ស្របតាម​ទិសដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក៏ដូចជា​ការណែនាំ​រប​ស់លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​កសិកម្ម​ខេត្ត តែង​យកចិត្តទុកដាក់​ជានិច្ច ចំពោះ​បងប្អូន​ប្រជាកសិករ ក្នុងនោះ យើង​បាន​ចាត់​មន្ត្រី បច្ចេកទេស​ចុះ​ជាប់ និង​ប្រជាកសិករ ក៏ដូចជា​បង្កើត​កម្មវិធី​ចែក​សម្ភារ​កសិកម្ម​ផ្សេងៗ លើកទឹកចិត្ត​ប្រជាកសិករ​ទៀតផង​។​

​លោក​បន្តថា ជាក់ស្តែង​ថ្ងៃនេះ មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ បាន​សហការ​ជាមួយ​លោក​អភិបាលស្រុក​សង្គម​ថ្មី ដោយមាន​ការគាំទ្រ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់ និង​ការប្រែប្រួល​អាកាសធាតុ ASPIRE បានធ្វើ​ការចែក​សម្ភារ​កសិកម្ម​ជាច្រើន​ប្រភេទ ជូន​កសិករ​ចំនួន​១០៥​គ្រួសារ ដោយ​ឥតគិតថ្លៃ ក្នុងនោះ​មាន​កសិករ​ចិញ្ចឹម​មាន់ ជ្រូក និង​កសិករ​ដាំ​បន្លែ​។

​ជាមួយគ្នា​នោះ ក្រុម​កសិករ​គំរូ​ចិញ្ចឹម​មាន់​ក្នុង​មួយ​គ្រួសារ ទទួលបាន​សំណាញ់​អួន​បាំង​សុវត្ថិភាព ទ្រុង​បំបែក​ផ្សាំ​កូន​មាន់ ម្សៅ​ប្រេ​មិច និង​ថ្នាំ​ទំលាក់​ព្រូន​។ ក្រុម​កសិករ​ចិញ្ចឹម​ជ្រូក ទទួលបាន​ក្នុង​មួយ​គ្រួសារ ធុង​ស្ពេ​ត្រូ ក្បាល​បឺត ទុយោ​និង​ស្នូក​ចំណី​។ ចំណែក​ក្រុម​កសិករ​ដាំ​បន្លែ​គំរូ ក្នុង​១​គ្រួសារ ទទួលបាន​សំណាញ់​សួន​បន្លែ ធុង​ស្រោច​ទឹក និង​ពូជ​បន្លែ​៤​មុខ រួមមាន​៖ ត្រ​គួ​ន សណ្តែក​គួ ម្ទេស និង​ត្រសក់​។​

​លោក ពឹង ទ្រី​ដា បានបញ្ជាក់​ទៀតថា បន្ថែម​លើសពីនេះ កសិករ​គំរូ​២១​គ្រួសារ ទទួលបាន​ថវិការ​លើកទឹកចិត្ត ក្នុង​មួយ​គ្រួសារ​៤០​ម៉ឺន​រៀល​ផងដែរ​។ ជាមួយគ្នានេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បានធ្វើ​ការជំរុញ​ឲ្យ​កសិករ​យើង ត្រូវខិតខំ​ផលិត​ការដាំ​ដំណាំ ការចិញ្ចឹម​សត្វ ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​កាន់តែ​ទ្វេរ​ឡើង ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​៕​ ស.ស