ខេត្តកំពង់ចាម ៖ លោកឧកញ៉ា វ៉ន ប៊ុនថៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នេះ ត្រូវបានប៉ូលិសក្រុង កំពង់ចាម ដោះលែងឲ្យមានសេរីភាពវិញ ក្នុងករណីដែលលោកបានប្រើអាកប្បកិរិយាអសីលធម៌ និងវាយលើនារីខារ៉ាអូខេយីហោ«វីឡា» ខណៈលោកចូលកម្សាន្តនៅទីនោះ។
មន្ត្រីមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង២០ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ គេឃើញលោក ឧញ៉ា និងអ្នកហែហមមួយចំនួន បានចូលច្រៀងកម្សាន្តក្នុងក្លឹបយីហោ«វីឡា» ស្ថិតនៅក្នុងសង្កាត់ វាលវង់ ក្រុងកំពង់ចាម យ៉ាងសប្បាយរីករាយ។
នារីបម្រើក្នុងក្លឹបខារ៉ាអូខេ បានលើកឡើងថា មួយសន្ទុះក្រោយមកឥទ្ធិពលដុល្លារ និងអំណាចស្រាថ្លៃ ៗ បានធ្វើអោយដៃឧកញ៉ាម្នាក់រស់រវើកដូចដៃមឹក ចាប់ផ្តើមលូកលាន់ បេះបោច បង្កភាពខ្លោចផ្សា និងអាម៉ាស់ដល់នារីៗបំរើនៅផ្ទះសំណាក់ និងក្នុងបន្ទប់ច្រៀងខារាអូខេ ធ្វើឲ្យនារីមួយចំនួន នាំគ្នា រត់ចេញក្រៅអស់ ។
ឧកញ៉ាដែលបង្កភាពចលាចលខាងលើ មានឈ្មោះ វ៉ន ប៊ុននថៃ ហៅ ឧកញ៉ា ថៃ ជាអតីតអ្នករកស៊ីជួញដូរឈើដ៏ធំនៅភូមិភាគបូព៌ា មានលំនៅដ្ឋាននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកនារីរងគ្រោះឈ្មោះ ច .ហ. ជានារីបំរើខារាអូខេក្នុងបន្ទប់លេខ ៦៦៦៦ ផ្ទះសំណាក់វីឡា ក្រុងកំពង់ចាម។ ប្រភពពត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ លោកឧកញ៉ា វ៉ន ប៊ុនថៃ បានចូលកំសាន្តច្រៀងខារាអូខេ ផ្ទះសំណាក់ វីឡា ក្នុងបន្ទប់លេខ ៦៦៦៦។
ប្រភពដដែលនេះបានបន្តថា ក្រោយពីសុរាប្តូរនិស្សយ័ចូលក្នុងពោះជាច្រើនរួចមក បានប្តូរនិស្សយ័លោកឧកញ៉ា ដោយដៃដ៏សុភាពរបស់ឧកញ៉ាថៃ ប្រែក្លាយជារស់រវើកប្រៀបដូចជាដៃមឹក រួចក៏លូកលាន់បេះបោច ច្របាច់ខ្ញាំបង្កឲ្យមានការភាពឈឺចាប់ដល់នារីរងគ្រោះ ធ្វើអោយនាងទ្រាំមិនបានរត់ចេញពីបន្ទប់ខារាអូខេ លែងចង់បានលុយធីប តទៅទៀត។ បន្ទាប់មក ឧកញ៉ាថៃ បានហៅនារីម្នាក់ទៀតឲ្យមកបម្រើ រួចក៏ខោកក្បាលលេងជាល្បែក ធ្វើអោយនារីរងគ្រោះ ទី២ទ្រាំមិនបានបង្ហូរទឹកភ្នែករត់មកខាងក្រៅ។
ក្រោយពីមានភាពចលាចល លើនារីខារាអូខេមិនបានប៉ុន្មាននាទីផង គេឃើញនគរបាល និងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនលោកឧកញ៉ា ថៃ មកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងបំពេញសំណុំបែបបទតាមនីតិវិធី។
មន្ត្រីប៉ូលិសបានអោយដឹងថា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញការិយាលយ័នគរបាលព្រហ្មទណ្ឌ័កំរិតស្រាលខេត្តកំពង់ចាម បានអញ្ជើញម្ចាស់ផ្ទះសំណាក់«វីឡា»មកបំភ្លឺ និងភាគីសងខាងមកសាកសួរ។ មន្ត្រីប៉ូលិសដដែលបានអោយដឹងថា ដំណោះស្រាយចុងក្រោយគឺភាគីរងគ្រោះមិនធ្វើការប្តឹងផ្តល់អ្វីឡើយ គឺភាគីនារីរងគ្រោះអោយឧកញ៉ា ប៊ុនថៃ សុំទោស ហើយសមត្ថកិច្ចក៏បានដោះលែងលោកឧកញ៉ាថៃ មានសេរីភាព អោយត្រឡប់ទៅគេហដ្ឋានរបស់លោកវិញ។
មជ្ឈដ្ឋានប្រជាពលរដ្ឋដែលដឹងហេតុការណ៍ដ៏អាក្រក់នេះ បានផ្ទុះកំហឹងស្ទើរគ្រប់គ្នាចំពោះទង្វើអសីលធម៌ របស់ឧកញ៉ា ថៃ ដែលមើលងាយជាន់ឈ្លីលើកិត្តយសរបស់នារីដែលនៅទីនោះ នាងមាននាទីត្រឹមជាអ្នក បម្រើឲ្យបុរសៗចូលច្រៀងកម្សាន្តប៉ុណ្ណោះ។
ភាគីខាងលោកឧកញ៉ា វ៉ន ប៊ុនថៃ នៅព្រឹកថ្ងៃទី៧ ខែមករា នេះ មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការពន្យល់បានឡើយ។
យ៉ាងណាក៏ដោយ ការពន្លត់ហេតុការណ៍អសីលធម៌របស់អ្នកមានគោរមងារជាឧញ៉ា លើនារីភេទក្នុងបន្ទប់ខារ៉ាអូខេ ត្រឹមពាក្យ«សុំទោស» ដូចជាមិនសមទំនងសោះ អាចមានអ្វីនៅពីក្រោយខ្នងក្នុងរឿងនេះទេដឹង ? ព្រោះពាក្យចាស់ពោលថា ពងមាន់ទៅជល់ដុំថ្មមិនអាចទៅរួចទេ ឬក៏អាចមានសម្ពាធណាមួយដែលធ្វើនារីរងគ្រោះ ខាំមាត់សង្កត់ចិត្តសំងំស្ងៀម ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃក្រោយ? ៕