ព្រៃឈើ​ដែល​សេសសល់​អាច​នឹង​ផុត​ពូជ គ្រា​ដែល​ធ្យូង​កំពុង​ត្រូវប៉ាន់​នៅ​ថៃ(Video)​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2019 ក+ ក-

បន្ទាយមានជ័យ ៖ បច្ចុប្បន្ននេះ​ ថៃ​កំពុង​ប្រមូល​ទិញ​ធ្យូង​ពី​ស្រុក​ខ្មែរ ដែល​ធ្វើអោយ​ធ្យូង​មានហាងឆេង និង​កំពុង​សម្រុក​នាំចេញ​ទាំង​ឡានៗ តាម​ច្រករបៀង​ព្រំដែន និង​ច្រក​តំបន់​។ក្នុងនោះ ច្រក​តំបន់​បឹង​ត្រកួន នៃ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក៏​ត្រូវគេ​មើលឃើញថា ជា​ច្រក​ដ៏​សំខាន់​សម្រាប់​នាំចេញ​ធ្យូង​ធំជាងគេ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​។

ប្រភព​ដែល​អាច​ជឿទុកចិត្ត បាន​និយាយថា មាន​ជា​ជីវ​ករ​ប្រមាណ​ពីរ​ទៅ​បីនាក់ ដែល​រស់នៅ​ក្បែរ ច្រក​បឹង​ត្រកួន ងាក់​មក​ប្រមូល​ទិញ​ធ្យូង​ជំនួស​ដំឡូង​វិញ ស្រប​ពេលដែល​ទីផ្សារ​ធ្យូង​នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​គេ​មើលឃើញថា កំពុងមាន​ហាងឆេង​កប់​ពពក​។

ដោយ​ហាងឆេង​ល្អ​នេះហើយ ទើប​ធ្វើអោយ​ឈ្មួញ​ខាងលើ​បង្ខំចិត្ត​សម្រុក​នាំចេញ​ធ្យូង​ក្នុង​មួយថ្ងៃ​តាមរ​រយៈ​រថយន្ត​តូចធំ​រាប់សិប​គ្រឿង ទោះបីជា​ត្រូវ​បង់​សមត្ថកិច្ច​ទាំងអស់ និង​មេ​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន អស់​ច្រើន​ប៉ុណ្ណា​ក៏ដោយ​។​

ទាក់ទង​នឹង​ការរត់​ការបង់ថ្លៃ​នាំចេញ​នេះដែរ​ប្រភព​ដដែល ក៏បាន​និយាយថា ដើម្បី​នាំចេញ​ធ្យូង​អោយបាន​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ អ្នករត់​ការ​បាន​ចំណាយលុយ​អស់​ប្រមាណ ៧៥០០​បាត ទៅ​៨០០០​បាត ក្នុង​រថយន្ត​ធ្យូង​មួយគ្រឿង អោយទៅ​ក្រុម​សមត្ថកិច្ច​ដែលមាន​តួនាទី​ឈរជើង​នៅ​មាត់ច្រក និង​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក ដើម្បី​ជាថ្នូរ​នឹង​ការបើក​ភ្លើង​ខៀវ​។

ចំពោះ​អ្នករត់​ការបង់​លុយ​ទៅ​សមត្ថកិច្ច​ត្រូវបាន​គេ​ប្រាប់ថា មាន​សមាសភាព​បុគ្គល​ពីរ​នាក់ ទី១ ឈ្មោះ ចេ​ត សោម ជា​មន្ត្រី​អាវុធហត្ថ​មាន​តួនាទី​ជា​អនុ​ស្នាក់ការ​ប្រចាំ​ច្រក​បឹង​ត្រកួន និង​ម្នាក់ទៀត​ឈ្មោះ ចែ ស៊ីនួន អតីត​ថៅកែ​សៃ​ឡូ​តិ៍​ដ៏​ល្បី​ប្រចាំ​ច្រក​នេះ​ផងដែរ​។ អ្នក​ទាំងពីរ​នេះ តាម​ប្រភព​បាន​បញ្ជាក់ថា កំពុងតែ​មានការ​ប្រេះឆា ជ្រេ​ម៉ូយ​គ្នា ដើម្បី​រត់ការ​ដោយ​ឈ្មោះ ចេ​ត សោម យក​តម្លៃ​រត់ការ​សម្រាប់​បង់​សមត្ថកិច្ច​ក្នុង​មួយ​ឡាន ៨០០០​បាត រីឯ​ចែ ស៊ីនួន យក​ត្រឹមតែ ៧៥០០​បាត​។​

ជួប​ជាមួយ​អ្នកយកព័ត៌មាន មេគង្គ​ប៉ុស្តិ៍ តាម​ទូរ​សព្ទ័​នា​ល្ងាច​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ នេះ លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន បាន​និយាយថា លោក អត់​បានដឹង​ទេ​ជុំវិញ​ការបើក​អោយមាន​ការនាំចេញ​ធ្យូង​យ៉ាងគំហុគ​នេះ ព្រោះ​លោក​ជាប់រវល់​នៅ​ភ្នំពេញ​។​

ទោះជា​មានការ​ឆ្លើយ​យករួចខ្លួន​ពី​សំណាក់​ប្រធាន​ច្រក​យ៉ាងនេះ​ក្តី ក៏​ប្រភព​ជាច្រើន​អះអាងថា បើ​មិនមាន​ការបើក​ភ្លើង​ខៀវ​ពី​មេ​ច្រក និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ទេ​រថយន្ត​ដឹក​ធ្យូង​ទាំងអស់​មិនអាច​នាំចេញ​បាន​ដោយ​រលូន​ដែរ​៕