បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១០៖១០នាទីនេះ មានអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងកាស៊ីណូ ហ្គោលឌិន កម្ពស់១៨ជាន់ របស់លោកឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ – ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជិតមួយម៉ោងក្រោយមក ទើបរលត់ទៅវិញ បន្ទាប់ក្រុមពន្លត់អគ្គិភ័យបានបាញ់ទឹកអស់ជាច្រើនរថយន្ត។ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គិភ័យនេះ ក៏បានបង្កផលប៉ះពាល់ដល់បុគ្គលិកធ្វើការនៅទីនោះប្រមាណជាង១ពាន់នាក់ ផងដែរ តែគ្មានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយ ពេលហេតុការណ៍កើតឡើង កងកម្លាំងស្នងការនគរបាលខេត្ត រួមជាមួយរថយន្តពន្លត់អគ្គីភ័យ និងកងកម្លាំងកងរាជអាវុហត្ថ បានសហការអន្តរាគម៍ទាន់ពេលវេលា និងបានសង្គ្រោះមនុស្សចេញដោយសុវត្ថិភាព ដោយមានអ្នករងរបួសសន្លប់ដោយឈ្លក់ផ្សែងចំនួន២នាក់ និងអ្នកមានអការៈឈ្លក់ផ្សែងមួយចំនួនទៀត ត្រូវបានបញ្ជូនទៅកាន់កន្លែងសង្គ្រោះ នៅឯមន្ទីរពេទ្យក្រុងប៉ោយប៉ែត និងគ្លីនិកនានា បានទាន់ពេលវេលាផងដែរ។ ហើយកងកម្លាំងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅម៉ោង ១១ជាងយប់ថ្ងៃដដែល ។
សមត្ថកិច្ចបានឲ្យដឹងថា ការឆេះអាគារកាស៊ីណូ ១៨ជាន់ នៅក្រុងប៉ោយប៉ែត ពុំមានអ្នកស្លាប់នោះទេ គឺគ្រាន់តែមានអ្នករបួសស្រាល និងខ្លះទៀតសន្លប់ដោយឈ្លក់ផ្សែង ប៉ុណ្ណោះ ព្រោះអ្នកនៅក្នុងអាគារឆេះនេះមានចំនួន ២នាក់ប៉ុណ្ណោះ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ ទំនងជាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែពិតប្រាកដយ៉ាងណានោះ សមត្ថកិច្ចប្រាប់ថា នឹងជូនដំណឹងជាថ្មីនៅថ្ងៃទី៩ ខែមករា នេះ៕ ដោយ ៖ ជ.ជ.