ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបើកទូលាយសម្រាប់កិច្ច សន្ទនាដ៏ស្មោះស ជាមួយគណបក្សនយោបាយ សង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនទាំងអស់ ដើម្បីប្រមែប្រមូលគំនិតបញ្ញា និងធនធានមនុស្សពីគ្រប់ប្រភព ដោយគ្មានការបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុបនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ។
ថ្លែងនៅក្នុងមហាមិទ្ទិញអបអរសាទរទិវាខួប៤០ឆ្នាំ នៃជ័យជម្នះ៧ មករា នៅពហុគីឡដ្ឋានជាតិ អូឡាំពិក សម្តេចបានបង្ហាញពីក្តីសង្ឃឹមថា រាជរដ្ឋាភិបាល នឹងសម្រេចបាននូវគោលដៅដ៏ឧត្តុង្គ ឧត្តម គឺការកសាងកម្ពុជាឱ្យកាន់តែរីកចម្រើន ក្លាយទៅជាប្រទេសជឿនលឿនមួយ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាមវិនាសកម្ម អំពើប្រល័យពូជសាសន៍ និងគ្មានការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀតឡើយ៕