ភ្នំពេញ ៖ លោក ជុំ វុឌ្ឍី ប្រធានសហគមន៍កសិកម្មបួរកម្ពុជាប្រចាំនៅស្រុកភ្នំព្រឹកភាគពាយ័ព្យនៃកម្ពុជា បានប្រាប់ឱ្យដឹងថា រដូវនេះជារដូវប្រមូលផលដំឡូងមី។ តែតម្លៃទីផ្សារដំឡូងមីនៅតំបន់ភ្នំព្រឹក ម៉ាឡៃកំរៀង និងនៅប៉ៃលិន កំពុងធ្លាក់ថ្លៃ ត្រឹមតែ៣បាត (លុយថៃ) នឹងជាង៣០០រៀលក្នុងមួយគីឡូក្រាមដំឡូងហាលស្ងួត។
លោក ជុំ វុឌ្ឍី បន្ថែមថា បច្ចុប្បន្ននេះ រាល់តម្លៃកសិផលស្ទើរតែទាំងអស់ ទាល់តែចេញពីទីផ្សារថៃ មកវិញ ទើបឈ្មួញ ឬក្រុមហ៊ុន ថៅកែរោងចក្រ នៅស្រុកខ្មែរ ហ៊ានទិញតាមតម្លៃហាងឆេងពីផ្សារ របស់ថៃ ចំណែកកម្ពុជា ហាក់ដូចជារកថ្លៃទីផ្សារក្នុងស្រុកឲ្យជាក់លាក់របស់ខ្លួនមិនឃើញទេ។ លោកថា រដ្ឋាភិបាលថៃ បានដាក់តម្លៃកសិផលក្នុងស្រុកឱ្យកសិករលក់ឱ្យទៅរដ្ឋក្នុងតម្លៃណាមួយដើម្បីអោយកសិករទទួលបានចំណេញ ហើយរដ្ឋាភិបាលថៃ ប្រមូលទិញផលិតផលក្នុងស្រុកឲ្យ អស់ ហើយបើនៅខ្វះខាតទៀទ ទើបគេទិញពីខាងក្រៅ៕