ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងរៀបចំធ្វើការអភិរក្ស និងចុះបញ្ជីសាកសពជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតាមទីកន្លែងវាលពិឃាតនានា ទូទាំងប្រទេសកម្ពុជា ដើម្បីទុកជាភស្ដុតាង និងទុកឯកសារសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើយោងតាមការបញ្ជាក់ពីលោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក វឿន វុទី្ធ បានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩ នេះ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្ទៀងផ្ទាត់ អភិរក្ស និងចុះបញ្ជីសាកសព ជនរងគ្រោះ (ការធ្វើកោសល្យវិច្ច័យ) បានជាង១០ម៉ឺនអដិ្ឋធាតុ និងផ្នូរសាកសពរួម នៅតាមទីតាំងវាល ពិឃាត នៅទូទាំងប្រទេស គឺមានជិត ២០០ផ្នូរ សាកសពរួម។
សូមបញ្ជាក់ថា គម្រោងអភិរក្សមួយនេះមានលក្ខណៈវិទ្យាសាស្ត្រ ដែលត្រូវបានអនុវត្តន៍ដោយបុរាណវិទូខ្មែរ និងយករូបមន្តបច្ចេកទេសពីបរទេស ដើម្បីថែរក្សាអដ្ឋិធាតុទាំងនោះ ឱ្យមានអាយុកាលយូរអង្វែង និងមានតម្លៃសម្រាប់ជាប្រវត្តិសាស្ត្រកម្ពុជាតទៅអនាគត៕