ភ្នំពេញ ៖ គិតចាប់តាំងពីពេលដំណើរការដំបូង ក្នុងឆ្នាំ២០០៨ រហូតមកដល់ដើមឆ្នាំ២០១៩ នេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន៣១៤.០៧៦នាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានចំនួន២៥៨.៥១១ លើក។
នេះបើតាមលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បានឲ្យដឹង នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកិច្ចការនារី។
លោក អ៊ុក សមវិទ្យា បានបន្ថែមថា ប.ស.ស បានផ្តល់តាវកាលិក (អត្ថបទប្រយោជន៍) ផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះជាកម្មករនិយោជិត បានជាង២១៦០០០នាក់ ក្នុង ចំណោមកម្មករនិយោជិត ជាសមាជិកជាង១ ៦១០ ០០០នាក់ នៃសហគ្រាស ជាង១២៦០០សហគ្រាស។ សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិត ជាង១ ៨៥០ ០០០ដង។
បើតាមការបញ្ជាក់ពី លោកអ៊ុក សមវិទ្យា បានឲ្យដឹងថា ប័ណ្ឌ ប.ស.ស អាចប្រើប្រាស់បាន នៅគ្រប់មន្ទីរពេទ្យសាធារណៈ (ពេទ្យរដ្ឋ) និងបណ្តាមន្ទីរពេទ្យឯកជនមួយចំនួន ដែលមានដាក់ស្លាកសញ្ញា ប.ស.ស។ ដោយឡែក ក្នុងករណីសង្គ្រោះបន្ទាន់ អ្នកមានប័ណ្ណ ប.ស.ស អាចចូលសម្រាកព្យាបាលបានគ្រប់មន្ទីរពេទ្យ ហើយយកវិក័យបត្រចំណាយ មកជូនមន្ត្រី ប.ស.ស ដើម្បីទូទាត់ប្រាក់ជូនវិញ៕