ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលទី៩ ខែមករា ឆ្នាំ២០១៩ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២។
តាមការគ្រោងទុក កិច្ចប្រជុំទី១ គឺកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ ដែលកាលពីឆ្នាំកន្លងទៅ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយនៅឆ្នាំនេះ ភាគីវៀតណាមបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវិញម្ដង។
កិច្ចប្រជុំទី២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងដើម្បីចុះហត្ថលេខាលើផែនការបន្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ រវាងអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ដែលភាគីទាំង២ តែងតែផ្លាស់ប្ដូរគ្នាទទួលធ្វើជាម្ចាស់ផ្ទះដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធនៃប្រទែសទាំងពីរផងដែរ៕