ខេត្តកែប ៖ តាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផលខេត្ត បានបង្ហាញថាឆ្នាំ២០១៨ នេះ ផលនេសាទសមុទ្រខេត្តកែប បានប្រមាណ ៥.១០០តោន កើនឡើងលើសឆ្នាំមុនជាងមួយរយតោន។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប លោក ជុគ វីរៈ បានប្រាប់ឲ្យដឹងថា ផលនេសាទសមុទ្រខេត្តកែបមានច្រើនប្រភេទ ហើយនៅឆ្នាំនេះប្រមូលបានចំនួន៥.១០០តោន ច្រើនឆ្នាំមុនជាងមុនដូចជា ត្រី មឹក ក្តាម បង្គារ បបែប ខ្យង ជាដើម និងត្រូវបានដាក់លក់នៅលើទីផ្សារក្នុងខេត្ត និងចែកចាយទៅបណ្តាខេត្តផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជា។
លោកថា ដោយសារចំនួនអ្នកនេសាទកើនឡើង បានធ្វើឲ្យឆ្នាំនេះ តម្លៃក្តាមធ្លាក់ចុះទាបជាងឆ្នាំមុនផងដែរ។
សូមជម្រាបថា ខេត្តកែប ជាខេត្តទេសចរណ៍តំបន់ឆ្នេរដ៏ទាក់ទាញរបស់កម្ពុជា និងមានឈ្មោះល្បីល្បាញទទួលបានពានរង្វាន់ជាច្រើនទាំងក្នុងគ្របខណ្ឌជាតិ និងអាស៊ាន ក្រៅពីនោះ ក៏មានធនធានសមុទ្រដ៏សម្បូរបែបផងដែរ៕