ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ បានប្រកាសនៅថ្ងៃទី៩ មករា នេះថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនកែច្នៃយានយន្ដខុសបច្ចេកទេស ដោយគ្មានច្បាប់អនុញ្ញាត ត្រូវតែបិទចោលទាំងអស់ ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៩ ខែមករា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឆ្នាំនេះ ក្រសួងនឹងរកនិតីវិធីដើម្បីតាមដានគ្រប់គ្រង និងឈានទៅដល់បិទក្រុមហ៊ុន ឬអាជីវកម្មរថយន្តដឹកទំនិញកែច្នៃ ខុសលក្ខណៈបច្ចេកទេសឲ្យអស់ទាំងស្រុង។
កន្លងមកក្រសួង ក៏បានធ្វើដែរ តែធ្វើតាមក្រដាស តែពេលនេះ ធ្វើការតាមដានតាមប្រព័ន្ធអនឡាញម្ដង ដើម្បីកុំឲ្យមានករណីកែច្នៃ កាត់ត ទ្រុងឡាន កើតឡើងដដែលៗ ដូច្នេះឆ្នាំ២០១៩ នេះ ត្រូវតែបិទក្រុមហ៊ុនកែច្នៃយានយន្ដដែលល្មើសច្បាប់៕