រដ្ឋាភិបាល និងADB នឹង​សង់​ប្រឡាយ​ជា​បេតុង​ប្រវែង​ជិត​៤០០​គ​.​ម​.​ក្នុង​ខេត្ត​៥ នៅ​ចុង​ឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2019 ក+ ក-


​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​គ្រោង​នឹង​ចាប់ផ្ដើម​សាងសង់​ប្រឡាយ​ជា​បេតុង​ប្រវែង ៣៨១,២​គីឡូម៉ែត្រ នៅក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និង​ខេត្តកំពត ដែលជា​គម្រោង សម្រាប់​ពង្រឹង​ប្រព័ន្ធធារាសាស្ត្រ​ទំនើប​នៃ​វិស័យ​កសិកម្ម នៅក្នុង​អំឡុង​ត្រីមាស​ទី​៣ ឬ​ទី​៤ នៃ​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ក្រុម​អ្នក បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក រួមជាមួយ​និង​អ្នកបច្ចេកទេស​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ផ្ដើម​ចុះ​ពិនិត្យ និង​វាយតម្លៃ​រួមគ្នា​លើ​គម្រោង​ពង្រឹង​ប្រព័ន្ធធារាសាស្ត្រ​ទំនើប​នេះ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម (IAIP) ដែល​រដ្ឋាភិបាល​កម្ពុជា​បានស្នើ​ឡើង​នាពេល​កន្លងមក​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ក្រសួង​ធនធានទឹក​ធ្លាប់បាន​ចុះផ្សាយ អំពី​ជំនួប​រវាង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​គណៈប្រតិភូ​ADB ដែល​ពិភាក្សា គ្នា​ជុំវិញ​គម្រោង Irrigated Agriculture Improvement Project (IAIP) ដោយ​គ្រោង​នឹង​សាង សង់​ប្រឡាយទឹក​ចាក់​បេតុង នៅក្នុង​ខេត្ត​ចំនួន​៥ ហើយ​ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ចាប់ផ្ដើម​ផ្ដល់ ថវិកា ឱ្យ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​នេះ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​បន្តបន្ទាប់ នៅពេល​ខាងមុខ​៕